ជប៉ុននឹងផ្តល់ជំនួយ ១១២ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនដែលខ្វះខាតហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺ COVID-19
ហិរញ្ញវត្ថុ May 22, 2020 Khmernote

រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយចំនួន ១២ ទ្រីលានយ៉េន (១១១.៦ ពាន់លានដុល្លារ) ដល់ក្រុមហ៊ុននានា ដែលមានការខ្វះខាតក្នុងអំឡុងពេលនៃវិបត្តិជំងឺ COVID-19។ ជំនួយរបស់ធនាគារអភិវឌ្ឍន៍និងមូលនិធិឯកជនជប៉ុន នឹងត្រូវប្រើប្រាស់សម្រាប់បំណុលតូចៗ និងការទិញភាគហ៊ុន ដើម្បីគាំទ្រក្រុមហ៊ុនដែលមានហិរញ្ញវត្ថុយ៉ាប់យ៉ឺន ក៏ដូចជាការជួយពួកគេរៀបចំរចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីវីរុសស្ងប់ទៅវិញ។ ដោយសារតែជំងឺ COVID-19 ហាក់មិនងាយនឹងស្ងប់ទៅវិញ ដូច្នេះរដ្ឋាភិបាលជប៉ុននឹងព្យាយាមពង្រឹងកញ្ចប់សុវត្ថិភាពសម្រាប់ក្រុមហ៊ុននានា ដើម្បីជាជំនួយបន្ទាន់នៅពេលត្រូវការចាំបាច់។

ក្នុងចំណោមទឹកប្រាក់ ១២ ទ្រីលានយ៉េន ប្រហែលជាពាក់កណ្តាលត្រូវបានគេរំពឹងថានឹងជាប្រាក់កម្ចីបន្ទាប់បន្សំពីធនាគារអភិវឌ្ឍន៍ជប៉ុន សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងស្ថាប័នហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល។ ហិរញ្ញប្បទានបំណុលបន្ទាប់បន្សំនឹងបង្កើនដើមទុនរបស់ក្រុមហ៊ុន ហើយក្តីសង្ឃឹមគឺថា វានឹងជួយកាត់បន្ថយការធ្លាក់ចុះនៃឥណទាន ហើយធ្វើឱ្យវាមានតម្លៃថោកសម្រាប់ក្រុមហ៊ុន ដើម្បីទទួលបានហិរញ្ញប្បទានបន្ថែមពីអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត។ អ្នកផ្តល់ប្រាក់កម្ចីដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល នឹងមិនចូលរួមក្នុងការគ្រប់គ្រងសាជីវកម្មនោះទេ ដូច្នេះវាគួរតែធ្វើឱ្យក្រុមហ៊ុនកាន់តែងាយស្រួលក្នុងការទទួលយកមូលនិធិ។

រដ្ឋាភិបាលនឹងរៀបចំថវិកាសម្រាប់ការវិនិយោគក្នុងការលូតលាស់និងរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមរយៈសាជីវកម្មវិនិយោគជប៉ុនឱ្យទៅក្រុមហ៊ុនទាំងធំនិងតូច ដែលបូករួមជាមួយទឹកប្រាក់ ១០០ ពាន់លានយ៉េន ដែលមានស្រាប់។ សម្រាប់ជំនួញរកស៉ីទាំងតូចនិងធំ រដ្ឋាភិបាលមានគម្រោងប្រើសាជីវកម្មសេដ្ឋកិច្ចតំបន់សំខាន់នៃប្រទេសជប៉ុន ដើម្បីពង្រីកការផ្តល់មូលនិធិក្នុងតំបន់ និងធ្វើឱ្យក្រុមហ៊ុនរស់ឡើងវិញ។ រដ្ឋាភិបាលក៏នឹងបង្កើតមូលនិធិដើម្បីទិញសញ្ញាប័ណ្ណផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei Asia