មនុស្សរាប់លាននាក់កំពុងបាត់បង់ការងារធ្វើ ប៉ុន្តែមហាសេដ្ឋីអាមេរិកប៉ុន្មាននាក់នេះ កំពុងកើបលុយបានជាង ៤០០ ពាន់លានដុល្លារ
ហិរញ្ញវត្ថុ May 22, 2020 lyda

មហាសេដ្ឋីអាមេរិកកំពុងត្រូវប៉ាន់ខ្លាំងក្នុងរយៈពេលដែលមនុស្សរាប់លាននៅទូទាំងពិភពលោកអ្នកកំពុងបាត់បង់ការងារ ដោយគិតជាលុយសរុបពួកគេរកបានប្រហែល ៤៣៤ ពាន់លានដុល្លារអាមេរិក រាប់ចាប់ពីចន្លោះពាក់កណ្ដាលខែមីនា ដល់ពាក់កណ្ដាលខែឧសភា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។ បើយោងតាមការសិក្សារបស់ Americans for Tax Fairness និង Institute for Policy Studies លើកម្មវិធីសម្រាប់វិសមភាពបានឱ្យដឹងថា មហាសេដ្ឋីដែលរកលុយបានច្រើនជាងគេគឺមេក្រុមហ៊ុន Amazon លោក Jeff Bezos (៣៤.៦ពាន់លាន) និងមេ Facebook លោក Mark Zuckerberg (២៥ពាន់លាន)។ ពោលគឺក្នុងរយៈពេលមានការរាតត្បាតពីជំងឺ​ COVID-19 ក្រុមហ៊ុនដែលទាក់ទងនឹងបណ្ដាញបច្ចេកវិទ្យាទទួលបានលាភ ខណៈសេដ្ឋកិច្ចនិងពលកម្មឈរជើងស្ទើរមិនជាប់។

យោងតាមរបាយការណ៍ដដែលបាននិយាយថា ត្រឹមរយៈពេល២ខែនេះ មហាសេដ្ឋីអាមេរិកទាំងនោះកើនចំណូលបានរហូតដល់ទៅ ១៥% ពោលគឺពីទ្រពសម្បត្តិសរុបចំនួន ២.៩ ទ្រីលានដុល្លារ ឡើងដល់ ៣.៣​ ទ្រីលានដុល្លារ។ ដូច្នេះអ្នកមានបំផុតទាំង ៥ របស់សហរដ្ឋអាមេរិកមានដូចជា៖ Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និង Larry Ellison ដែលអ្នកទាំងនេះរកបានប្រាក់សរុប ៧៦ពាន់លាន ដុល្លារអាមេរិក។ ចំណែកលោក Elon Musk ថ្វីបើមិនមែនជាអ្នកមានកំពូលទាំង ៥ ប៉ុន្តែក្នុងរយៈពេល ២ខែនេះ គាត់បានកើនចំណូលរហូតដល់ទៅ ៤៨% ដែលនាំឱ្យទ្រពសម្បត្តិសរុបរបស់គាត់កើនដល់ ៣៦ ពាន់លានដុល្លារអាមេរិក។

បើគិតជាភាគរយនៃចំណូលក្នុងរយៈពេល២ខែនេះ លោក Elon Musk ចំណេញបានលុយគិតជាភាគរយបានច្រើនជាងគេ បន្ទាប់មកគឺលោក Mark Zuckerberg ដែលរកបាន ៤៦% នាំឱ្យទ្រព្យសម្បត្តិសរុបមានដល់ ៨០ ពាន់លានដុល្លារអាមេរិក និងចុងក្រោយគឺលោក Jeff Bezos ចំណេញបាន ៣១% នាំឱ្យទ្រព្យសម្បត្តិសរុបរបស់គាត់កើនដល់ ១៤៧ ពាន់លានដុល្លារអាមេរិក។ លោក Jeff Bezos នៅតែបន្ដក្លាយជាអ្នកមានបំផុតលើពិភពលោកនេះ ទោះបីធ្លាប់ចែកភាគហ៊ុន Amazon ទៅឱ្យអតីតភរិយាដែលស្មើនឹងទឹកប្រាក់ ៣៦ ពាន់លានដុល្លារអាមេរិក យ៉ាងណាក្ដី៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC