លោក Narendra Modi សន្យាបញ្ចេញកញ្ចប់ទឹកប្រាក់ ២៦៦ ពាន់លានដុល្លារ ដើម្បីទ្រទង់សេដ្ឋកិច្ចពីវីរុសកូរ៉ូណា
ហិរញ្ញវត្ថុ May 15, 2020 Khmernote

ប្រទេសឥណ្ឌាបានប្តេជ្ញាបញ្ចេញទឹកប្រាក់ ២៦៦ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលខ្សោយរបស់ខ្លួនក្នុងអំឡុងពេលវិបត្តិជំងឺ COVID-19 ។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានប្រកាសការសម្រេចនេះនៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃអង្គារ ដោយរួមបញ្ចូលទាំងវិធានការណ៍ថ្មីៗជាមួយសកម្មភាពដែលបានអនុវត្តរួចហើយដូចជា៖ ធនាគារកណ្តាលត្រូវមានប្រាក់ទ្រទ្រង់គ្រប់គ្រាន់ ក៏ដូចជាកញ្ចប់សកម្មភាពជំរុញមុនៗ ដែលមានតម្លៃ ២៣ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាជនក្រីក្រ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអ្នកស្រី Nirmala Sitharaman បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការនេះកាលពីថ្ងៃពុធ ដោយអ្នកស្រីបាននិយាយថា អាជីវកម្មខ្នាតតូចនឹងអាចទទួលបានប្រាក់កម្ចីជិត ៤០ ពាន់លានដុល្លារ ដោយមិនចាំបាច់ផ្តល់ទ្រព្យបញ្ចាំរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ អ្នកស្រីបានបន្ថែមថាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសឥណ្ឌាក៏នឹងត្រូវបានទ្រទ្រង់ពីរដ្ឋាភិបាលដូចគ្នា ដោយពួកគេអាចធ្វើការខ្ចីប្រាក់រហូតដល់ ២៦.៥ លានដុល្លារ ដើម្បីការពារអាជីវកម្មរបស់ពួកគេពីហានិភ័យផ្សេងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN Business