រដ្ឋាភិបាលអង់គ្លេសប្រកាសមុននេះថា នឹងបន្ដផ្ដល់ប្រាក់ឈ្នួលដល់បុគ្គលិកដែលមិនបានធ្វើការ ដោយសារតែវីរុស COVID-19 រហូតដល់ខែតុលា
ហិរញ្ញវត្ថុ May 12, 2020 Khmernote

អធិការបតីលោក Rishi Sunak បាននិយាយថា គម្រោងរបស់ចក្រភពអង់គ្លេសក្នុងការបើកប្រាក់ឈ្នួលឱ្យកម្មករ ដែលមិនបានទៅធ្វើការដោយសារវីរុស COVID-19 នឹងត្រូវពន្យារដល់ខែតុលា។ លោកអធិការបតីបាននិយាយថា រដ្ឋាភិបាលនឹងគាំទ្រកម្មករនិងក្រុមហ៊ុននានា ដែលមិនមានសកម្មភាពការងារដោយសារការបិទទ្វារ ហើយក៏អាចនឹងគាំទ្រពួកគេនៅពេលបើកទ្វារវិញផងដែរ។ លោក Rishi Sunak បានបញ្ជាក់ថា កម្មករនឹងបន្តទទួលបាន ៨០% នៃប្រាក់ឈ្នួលរបស់ពួកគេ ឬរហូតដល់ទៅ ២,៥០០ផោន (៣,០៨៩ដុល្លារអាមេរិក) ក្នុងមួយខែ។ លោកបាននិយាយថា រដ្ឋាភិបាលនឹងសុំឱ្យក្រុមហ៊ុនទាំងនោះចូលរួមថ្លៃចំណាយ ចាប់ពីខែសីហាតទៅ។

លោក Rishi Sunak ក៏បានច្រានចោលការផ្តល់យោបល់ដែលថា មនុស្សមួយចំនួនអាចនឹង «ញៀន» នឹងការផ្ដល់នេះប្រសិនបើវាត្រូវបានពង្រីកថែម។ លោកបាននិយាយថា ឥឡូវនេះកម្មករប្រមាណ ៧.៥ លាននាក់ ត្រូវបានផ្គត់ផ្គង់ដោយគម្រោងនេះ ដែលកើនឡើងពី ៦.៣ លាននាក់ កាលពីសប្តាហ៍មុន។ លោកអធិការបតីបាននិយាយថា ចាប់ពីខែសីហានេះតទៅ គម្រោងនឹងបន្តសម្រាប់គ្រប់វិស័យនិងតំបន់ ប៉ុន្តែមានភាពបត់បែនកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់ដំណើរការនៅពេលការងារបើកទ្វារឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC