វីរុស COVID-19 កំពុងគម្រាមកំហែងយ៉ាងចាស់ដៃដល់ស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី
ហិរញ្ញវត្ថុ May 12, 2020 Chan Sreyny

គណៈកម្មាធិការសេ្ថរភាពប្រព័ន្ធហិរញ្ញវត្ថុ (KSSK) នៃប្រទេសឥណ្ឌូនេស៊ីបានព្រមានថាជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) កំពុងគំរាមកំហែងដល់ស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស ដោយសារវីរុសនេះបង្កឲ្យតំរូវការផ្គត់ផ្គង់រង្គោះរង្គើ និងធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចចុះខ្សោយ។ លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុដែលមានតួនាទីជាប្រធានគណៈកម្មាធិការនេះបាននិយាយកាលពីថ្ងៃទី១១ ខែឧសភាថា ភាពរង្គោះរង្គើនៃតម្រូវការផ្គត់ផ្គង់ និងទស្សនវិស័យផលិតផលក្នុងស្រុកសរុបទាបបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថេរភាពប្រព័ន្ធហិរញ្ញវត្ថុ។

ជាមួយគ្នានេះ (KSSK) រំពឹងថាសេដ្ឋកិច្នៅឆ្នាំនេះនឹងកើនឡើងតែ ២.៣% ប៉ុណ្ណោះធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៥.០២% នៅឆ្នាំ ២០១៩ ដោយសារផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ២.៩៧% ក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០នេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០១។ បន្ថែមពីនេះសេដ្ឋកិច្ចបានជាប់គាំងដោយសារវិធានការរឹតបន្តឹងនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។

គួរឲ្យដឹងផងដែរថា ក្នុងត្រីមាសទី១ ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិនិយោគិនបរទេសបានលក់ទ្រព្យសម្បត្តិសរុបរបស់ពួកគេនៅឥណ្ឌូនេស៊ីប្រមាណ ១៤៥ ទ្រីលានរូពី (៩.៧២ ពាន់លានដុល្លារ) ដើម្បីរក្សាសុវត្ថិភាពហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ KSSK ក៏បានបង្ហាញថា លំហូរចេញមូលធនមានចំនួនច្រើនបើប្រៀបធៀបទៅនឹងចំនួន ៦៩.៩ ទ្រីលានរូពីដែលត្រូវបានកត់ត្រាក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ និង ៣៦ ទ្រីលានរូពីក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣។

យោងតាមទិន្នន័យរបស់គណៈកម្មាធិការបានឱ្យដឹងថាស្ថានភាពនេះបានមើលឃើញថាប្រាក់រូពីធ្លាក់ដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រគឺ ១៦.៥៧៥ រូពីក្នុងមួយដុល្លារនៅថ្ងៃទី ២៣ ខែមីនា ពោលធ្លាក់ចុះ ១៥.៨% បើប្រៀបធៀបទៅនឹងខែកុម្ភៈ។ ចាប់តាំងពីពេលនោះមករូបិយប័ណ្ណបានស្ទុះងើបឡើងវិញបន្តិចដោយបានកើនឡើង ១០.២២% គិតត្រឹមថ្ងៃទី ៣០ ខែមេសាបើប្រៀបធៀបនឹងចុងខែមីនា ខណៈរដ្ឋាភិបាលបានចេញមូលបត្របំណុលទូទាំងពិភពលោកដែលមានតម្លៃ ៤.៣ ពាន់លានដុល្លារនៅដើមខែមេសា៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី