ហត្ថាកសិករ​ លីមីតធីត ផ្តល់អត្រាការប្រាក់យ៉ាងពិសេសត្រឹមតែ ៧% ក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ហិរញ្ញវត្ថុ May 1, 2020 Khmernote

ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ហត្ថាកសិករ លីមីតធីត បានបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានទស្សនៈយល់ឃើញដូចគ្នានឹងរាជរដ្ឋាភិបាល អំពីសារៈសំខាន់ដែលមិនអាចមើលរំលងបានរបស់សហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងរឹងមាំ។ លោកបានមានប្រសាសន៍ថា “​​នៅពេលដែលសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើនខ្លាំងនោះ នឹងមានផលជាវិជ្ជមានយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពដូចជា ការបង្កើតកន្លែងការងារជូនប្រជាពលរដ្ឋ បង្កើនលទ្ធភាពក្នុងការផលិត​ និងនាំចេញផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចទៅក្រៅប្រទេស ព្រមទាំងការផ្គត់ផ្គង់យ៉ាងសម្បូរបែបសម្រាប់ប្រើប្រាស់ក្នុងស្រុក”។ លោកបានបន្ថែមទៀតថា “តាមរយៈគម្រោងសហហិរញ្ញប្បទានមួយនេះ ហត្ថា​កសិករ លីមីតធីត បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឥណទានជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលមានទំហំកម្ចីរហូតដល់ ៣០ម៉ឺនដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាបត្រឹមតែ ៧% ប៉ុណ្ណោះក្នុងមួយឆ្នាំ និងសង្ឃឹមយ៉ាងមុតមាំថាគម្រោងសហហិរញ្ញប្បទានមួយនេះនឹងទទួលបានជោគជ័យជាក់ជាមិនខានក្នុងការអភិវឌ្ឍ​​​​​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា”។

ការផ្តល់ឥណទានមានការប្រាក់ទាបនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់បំផុតរបស់ហត្ថាកសិករ លីមីតធីត ក្នុងការជួយទ្រទ្រង់ដល់សហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការឥណទានចាំបាច់ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។ អាស្រយហេតុនេះចំពោះម្ចាស់សហគ្រាសធុនតូច និងមធ្យមណាដែលមានតម្រូវការដើមទុនជាចាំបាច់ សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យហត្ថាកសិករ លីមីតធីត ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)។

សូមបញ្ជាក់ផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារ ធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។