JICA ចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី៥០លានដុល្លារ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
ហិរញ្ញវត្ថុ April 3, 2020 Khmernote

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារអាមេរិកជាមួយ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅ​​ក្នុង​ប្រ​ទេស​កម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមជនបទក្នុងប្រទេស។

កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះគឺជាទឡ្ហីករណ៍មួយបង្ហាញពី ទំនុកចិត្តខ្ពស់ និងភាពជឿជាក់មកលើភាពរឹងមាំរបស់ ហត្ថាកសិករ លីមីតធីត ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមទីជនបទឲ្យកាន់តែមានភាពទូលំទូលាយ ជាងមុន។

យោងតាមការចុះផ្សាយព័ត៌មានរបស់ JICA ប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រ ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យកាន់តែរីកចម្រើន បង្កើតឱកាសការងារ ធ្វើឲ្យប្រសើរឡើងនូវបរិយាប័នហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមបណ្តាតំបន់ជនបទ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងភាពខុសគ្នានៃកំរិតជីវភាពក្នុងតំបន់នានានៃប្រទេសកម្ពុជា។ ​អ្វីដែលសំខាន់ បំផុតនោះ ការរីកចម្រើនរបស់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមគឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ស្រ្តី។ ដូច្នេះប្រាក់កម្ចីនេះ មិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំនុចទី ៨ ៩ និង ១៧ ផងដែរ។

ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារអយុធ្យា​ (​ក្រុង​ស្រ៊ី) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក។
បច្ចុប្បន្ននេះ ៨២% នៃអតិថិជនរបស់ ហត្ថាកសិករ លីមីតធីត គឺមកពីតំបន់ជនបទ និង ៦១% នៃឥណទានត្រូវបានផ្តល់ជូនទៅឲ្យអតិថិជនជាស្ត្រី។ ដូចនេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់អតិថិជន លើសេវាហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ នៅទូទាំងប្រទេស ដើម្បីផ្តល់ជូន នូវភាពល្អប្រសើរនៃបរិយាប័នហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរួមមានសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស សេវាអេធីអ៊ឹម(ATM) និង សេវាធនាគារចល័ត ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម​ និងអតិថិជនផ្សេងៗទៀត នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។