មិនមែនសម្រាប់លក់! រដ្ឋាភិបាលអូស្ត្រាលីប្រកាសហាមមិនឱ្យបរទេសណា ទិញក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនអំឡុងពេលមានវិបត្តិវីរុសកូវីដ១៩ នោះទេ
ហិរញ្ញវត្ថុ March 30, 2020 Khmernote

រដ្ឋាភិបាលអូស្រ្តាលីកំពុងតែបង្រ្កាបទៅលើក្រុមហ៊ុនចិន ដែលកំពុងសម្លឹងមើលអាជីវកម្មក្នុងស្រុករបស់ពួកគេ ដែលកំពុងមានអាសន្នអំឡុងពេលនៃការរីករាលដាលវីរុស COVID-19។ ហេរញ្ញិកលោក Josh Frydenberg បានប្រកាសថា គាត់មិនទទួលសំណើររបស់វិនិយោគបរទេសទាំងអស់ ដែលទាក់ទងនឹងអាជីវកម្ម និងអចលនទ្រព្យអូស្ត្រាលី។ លោកបានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកសភាសេរីនិយមសហព័ន្ធលោក Andrew Hastie បានអំពាវនាវឱ្យក្រុមប្រឹក្សាត្រួតពិនិត្យការវិនិយោគបរទេស និងប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃក្រុមហ៊ុនចិន ដែលមានបំណងទិញទ្រព្យសម្បត្តិរបស់អូស្រ្តាលី។

លោក Josh Frydenberg អនុប្រធានគណបក្សសេរីនិយមបានសង្កត់ធ្ងន់ថា នេះជាវិធានការណ៍បណ្តោះអាសន្ន ហើយនឹងនៅតែស្ថិតក្នុងដំណាក់កាលមួយនៃវិបត្តិបច្ចុប្បន្ន ដោយមិននិយាយពីប្រទេសចិននៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។ លោកបានមានប្រសាសន៍ថា៖«វិធានការណ៍ទាំងនេះចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ នៅពេលការរីករាលដាលនៃវីរុសកូរ៉ូណា ធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច និងអាជីវកម្មអូស្រ្តាលី»។ ហើយលោកហេរញ្ញិកបានបន្ថែមថា នេះមិនមែនជាការបង្កកការវិនិយោគទេ។

ទិន្នន័យរបស់ FIRB បានបង្ហាញថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី ហើយនៅក្នុងឆ្នាំ ២០១៨-១៩ បានទទួលការអនុម័តពីបរទេសចំនួន ៤៩.៨% ដើម្បីក្លាយជាប្រភពធំបំផុតនៃការទិញ ឬវិនិយោគបរទេសនៅក្រៅប្រទេស។ បើតាមតម្លៃ សហរដ្ឋអាមេរិកគឺជាអ្នកវិនិយោគលំដាប់ទី១ ក្នុងជំនួញអូស្រ្តាលី ខណៈចិននៅក្នុងលំដាប់ទី៥ បន្ទាប់ពីកាណាដា សិង្ហបុរី និងជប៉ុន។ ប៉ុន្តែសម្រាប់វិបត្តិដែលអូស្ដ្រាលីកំពុងប្រឈមនេះ វាអាចមានលទ្ធភាពខ្ពស់ដែលចិននឹងទិញយកក្រុមហ៊ុនដែលទន់ខ្សោយទាំងនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Dailymail