ហត្ថាកសិករ ចូលរួមទប់ស្កាត់យ៉ាងយកចិត្តទុកដាក់បំផុតនូវការរីករាលដាល វីរុសកូវីដ ១៩
ហិរញ្ញវត្ថុ March 18, 2020 Khmernote

នាពេលថ្មីៗនេះ ករណីវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ហត្ថាកសិករ លីមីតធីត បានចាត់វិធានការការពារ និងទប់ស្កាត់យ៉ាងសកម្ម និងជាបន្ទាន់នូវការរីករាលដាលវីរុសកូវីដ ១៩ នេះ ចំពោះបុគ្គលិក ក្រុមគ្រួសាររបស់បុគ្គលិក និងអតិថិជនរបស់ ហត្ថាកសិករ លីមីតធីតទាំងអស់។

ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩នេះ គណៈគ្រប់គ្រងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានអនុវត្តសកម្មភាពនានាយ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីធានាបាននូវសុខមាលភាពរបស់បុគ្គលិក ក្រុមគ្រួសារបុគ្គលិក និងអតិថិជន។ សកម្មភាពដែល ហត្ថាកសិករ លីមីតធីត បាននឹងកំពុងអនុវត្តដើម្បីការពារ និង ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ រួមមាន៖ ១) ការចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកជាប្រចាំនូវវិធីសាស្រ្តការពារខ្លួនពីវីរុសកូវីដ ១៩ ដល់បុគ្គលិក អតិថិជន និងសាធារណជន ២) ធ្វើការបំពាក់នូវឧបករណ៍ត្រួតពិនិត្យ និងការពារខ្លួនសំខាន់ៗនៅតាមការិយាល័យសាខា ដូចជាទឹកអាល់កុលសម្រាប់លាងដៃ ម៉ាស់សម្រាប់ពាក់ការពារ និងឧបករណ៍សម្រាប់វាស់កំដៅជាដើម ៣) ធ្វើការវាស់កំដៅបុគ្គលិក និងអតិថិជនមុនពេលចូលការិយាល័យ ព្រមទាំងតម្រូវឲ្យពួកគាត់លាងសម្អាតដៃផងដែរ ៤) ធ្វើការសម្អាតការិយាល័យ និងកន្លែងធ្វើការយ៉ាងទៀងទាត់។ លើសពីនេះ ហត្ថាកសិករ លីមីតធីត នឹងអនុវត្តនូវវិធានការផ្សេងៗទៀត ដែលចាំបាច់ដើម្បីការពារ ចំពោះបុគ្គលិក អតិថិជន និង ក៏ដូចជាសាធារណៈជន។

ហើយជាពិសេសជាងនេះទៅទៀត ហត្ថាកសិករគាំទ្រយ៉ាងពេញទំហឹង និងធ្វើការអនុវត្តនូវវិធានការនានាដែលចេញដោយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ នេះ។

ឆ្លៀតក្នុងឳកាសនេះ ហត្ថាកសិករសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងដែលពាក់ព័ន្ធ អាជ្ញាធរដែនដី លោក/អ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ដែលបានប្តេជ្ញា និងប្រឹងប្រែងធ្វើការងារយ៉ាងសស្រាក់សស្រាំ និងមិនគិតពីការនឿយហត់ក្នុងការជួយការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។ តាមរយៈវិធានការណ៍ដ៏មានប្រសិទ្ធភាព ហត្ថាកសិករជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានឹងអាចឆ្លងផុតរយៈពេលដ៏លំបាកនេះ ហើយនឹងរួបរួមគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសន្តិភាព និងសុខដុមរមនាតទៅមុខទៀត។