ខេត្តឧត្តរមានជ័យ – គោលដៅចុងក្រោយនៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
ហិរញ្ញវត្ថុ January 9, 2020 Khmernote

នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី១៩ក្នុងឆ្នាំ២០១៩ និងជាលើកទី២៤បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តឧត្តរមានជ័យនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានផ្ដល់កិត្តិយសប្រកាសបើកកម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ឃិន ញ៉ាណ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។

ក្នុងនាមជាវាគ្មិនកិត្តិយស លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញដើម្បីឱ្យសិក្ខាកាមងាយយល់និងទទួលបានចំណេះដឹងអំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោក Naoto ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។

ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជារួចមកហើយ ដោយបានចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជនរាប់ពាន់នាក់។

*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអំពីសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666។