ធនាគារ ABA បោះលក់បណ្ណបំណុលរបស់ខ្លួន មានតម្លៃត្រឹមតែ១០ម៉ឺនរៀលក្នុងមួយសន្លឹក
ហិរញ្ញវត្ថុ July 31, 2019 Khmernote

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ ABA បានធ្វើការប្រកាសអំពីការធ្វើបរិវិសកម្ម និងការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម (សញ្ញាបណ្ឌ ABA) ក្នុងទំហំទឹកប្រាក់សរុបចំនួន ១២៨ពាន់លានរៀល (ប្រហែល ៣២លានដុល្លារអាមេរិក)។ គោលបំណងនៃការបោះផ្សាយបណ្ណបំណុលនេះ គឺដើម្បីប្រើប្រាស់សាច់ប្រាក់ ដែលទទួលបានពីការបោះផ្សាយបណ្ណបំណុល សម្រាប់ចំណាយលើប្រតិបត្តិការ និងកំណើននៃអាជីវកម្មឥណទាន ហើយឥណទានទាំងនោះ នឹងជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

សញ្ញាបណ្ណ ABA នឹងក្លាយជាមូលបត្របំណុលទី១ ដែលត្រូវបានបោះផ្សាយដោយធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសងកម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃ S&P Global Ratings ផងដែរ។ មួយផ្នែកធំនៃសញ្ញាបណ្ណនេះនឹងត្រូវធ្វើបរិវិសកម្ម ដោយវិនិយោគិនស្ថាប័នក្នុងស្រុក ហើយផ្នែកដែលនៅសល់នឹងត្រូវបានបម្រុងទុកសម្រាប់វិនិយោគិនរូបវន្តបុគ្គល ដែលមានបំណងចង់វិនិយោគលើសញ្ញាបណ្ណនេះ។

សញ្ញាបណ្ណនេះត្រូវបានដាក់លក់ក្នុងតម្លៃមួយឯកតា ១០០,០០០រៀល ដែលមានអត្រាគូប៉ុងរបស់សញ្ញាបណ្ណ ៧.០០% ទៅ ៧.៧៥% ក្នុងមួយឆ្នាំជាមួយនឹងឥណប្រតិទានរយៈពេល០៣ឆ្នាំ និងការទូទាត់គូប៉ុងរៀងរាល់ឆមាស ហើយទំហំទឹកប្រាក់វិនិយោគអប្បបរមាចំនួន ៨០០លានរៀល (ប្រហែល២០ម៉ឺនដុល្លារ) សម្រាប់វិនិយោគិនស្ថាប័ន និង៤លាន (ប្រហែល ១,០០០ដុល្លារអាមេរិក) សម្រាប់វិនិយោគគិនរូបវត្តបុគ្គល។ សញ្ញាបណ្ណរបស់ធនាគារ ABA ត្រូវបានរំពឹងទុកថានឹងធ្វើបវិវិសកម្មនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា និងបោះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សេម