ABA គ្រងពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា” 6 ឆ្នាំជាប់គ្នា ពីទស្សនាវដ្ដីហិរញ្ញវត្ថុ លំដាប់ថ្នាក់ពិភពលោក
ហិរញ្ញវត្ថុ July 19, 2019 Khmernote

ធនាគារ ABA បានចូលមកធ្វើការវិនិយោគនៅកម្ពុជា កាលពីអំឡុងឆ្នាំ 1996 ហើយមានការរីកចំរើនយ៉ាងខ្លាំងគួរអោយកត់សំគាល់នោះ ដោយកាលពីពេលថ្មីៗនេះទទួលបានពានរង្វាន់ជា “ធនាគារឆ្នើមជាងគេនៅកម្ពុជា 2019” ពី Euromoney ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុដ៏លេចធ្លោ និងគួរឲ្យទុកចិត្តបំផុតមួយនៅក្នុងពិភពលោក ដោយកម្មវិធីប្រគល់ពានរង្វាន់សម្រាប់អ្នកឈ្នះនៅទូទាំងទ្វីបអាស៊ីនេះ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងហុងកុង នាថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019 កន្លងទៅ ហើយនេះក៏មិនមែនជាលើកទីមួយដែរ សម្រាប់ ABA ដោយវាជាលើកទី 6 ហើយដែលធនាគារមួយនេះទទួលបានពានរង្វាន់ ធនាគារឆ្នើមជាងគេនៅកម្ពុជា។

ក្នុងនោះដែរ Euromoney ក៏បានអបអរសាទរ ABA ចំពោះគុណសម្បត្តិយ៉ាងជាក់ស្តែងរបស់ធនាគារ នៅក្នុងវិស័យប្រព័ន្ធឌីជីថល ការពង្រីកសក្តានុពលយ៉ាងរឹងមាំ និងកំណើនដ៏គួរឲ្យកត់សម្គាល់ក្នុងអំឡុងឆ្នាំកន្លងទៅនេះ។ អ្នកឯកទេស បានសរសើរជាពិសេសទៅលើភាពជោគជ័យរបស់កម្មវិធី ABA Mobile នៅក្នុងទីផ្សារ ការលើកកម្ពស់ការប្រើប្រាស់កូដ QR និងការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការបង្កើនសមត្ថភាពបន្ថែមនៅក្នុងប្រព័ន្ធពាណិជ្ជកម្មធនាគារអនឡាញ PayWay របស់ខ្លួន។

នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានថ្លែងចំពោះការទទួលបានពានរង្វាន់យ៉ាងដូច្នេះថា “យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលផលិតផលរបស់យើង និងមធ្យោបាយនៃការទំនាក់ទំនងជាមួយអតិថិជន ត្រូវបានទទួលស្គាល់ដោយស្ថាប័នហិរញ្ញវត្ថុដ៏គួរឲ្យគោរពមួយ ថាមានគុណភាពល្អបំផុតនៅក្នុងប្រទេស។ យើងសម្រេចបានការអភិវឌ្ឍស្តង់ដារថ្មីមួយ សម្រាប់ការផ្តល់ជូនសេវាធនាគាររូបវន្តបុគ្គលនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលជឿជាក់ និងងាយស្រួលប្រើសម្រាប់អតិថិជនរបស់យើង។ យើងក៏បានដាក់បញ្ចូលបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលស្ទើរទាំងស្រុង ក្នុងការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយវាបានជួយពង្រឹងជំហររបស់យើង និងធានានូវកំណើននៅក្នុងចំណែកទីផ្សារ ក៏ដូចជាប្រាក់ចំណេញផ្នែកអាជីវកម្មរបស់យើងផងដែរ។ អតិថិជនរបស់យើងបានកើនឡើងដល់ទៅ 76% កាល់ពីឆ្នាំទៅ ហើយយើងសូមថ្លែងអំណរគុណចំពោះអតិថិជនគ្រប់រូប សម្រាប់ការជ្រើសរើសប្រើប្រាស់សេវាធនាគាររបស់យើង។”

ការសម្រេចផ្តល់ជូនជ័យលាភីត្រូវបានធ្វើឡើងដោយ Euromoney បន្ទាប់ពីមានការវាយតម្លៃ ទៅលើសកម្មភាពចម្បងៗរបស់ធនាគារ ABA ក្នុងរយៈពេល 12 ខែក្នុងឆ្នាំកន្លងទៅ។ គណៈវិនិច្ឆយ រួមមានក្រុមអ្នកសារព័ត៌មានជាន់ខ្ពស់ ដែលមាននិពន្ធនាយករបស់ទស្សនាវដ្ដី Euromoney ជាអធិបតី រួមជាមួយនឹងការចុះស្រាវជ្រាវផ្ទាល់របស់គណៈកម្មាធិការផ្ទៀងផ្ទាត់នៅក្នុងទីផ្សារធនាគារ និងមូលធន។

“ជាធនាគារដ៏រឹងមាំជាក់ស្តែងបំផុតនៅក្នុងប្រទេសកម្ពុជា ABA ទទួលបានអត្ថប្រយោជន៍ពីភាគហ៊ុនិកដែលខ្លាំង ការអនុវត្តល្អ និងទីផ្សារដ៏រីកចម្រើន” នេះបើតាមប្រសាសន៍របស់លោក Clive Horwood និពន្ធនាយករបស់ទស្សនាវដ្ដី Euromoney ដែលផ្តល់អនុសាសន៍ក្នុងការប្រគល់ពានរង្វាន់នេះ។ “ក្នុងអំឡុងពេលធ្វើការពិនិត្យពិច័យរបស់យើង យើងឃើញថា ប្រាក់ចំណេញសុទ្ធរបស់ធនាគារ ABA ចំនួន 71.82 លានដុល្លារសហរដ្ឋអាមេរិក បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ 55% ពីមួយឆ្នាំទៅមួយឆ្នាំ និងសម្រេចបានផលចំណេញលើមូលធនក្នុងអត្រា 28%។ ការពង្រីកសក្តានុពលរបស់ខ្លួនយ៉ាងលឿន ក៏បង្ហាញពីចំណែកមួយយ៉ាងធំនៃគម្រោងការរបស់ធនាគារ ABA ផងដែរ ដូចជាការបើកសាខាថ្មីចំនួន 15 កាលពីឆ្នាំកន្លងទៅ និងការបន្ថែមម៉ោងប្រតិបត្តិការនៅតាមសាខាដែលមមាញឹកមួយចំនួន។ បន្ថែមពីលើនោះទៀត ធនាគារ ABA បានចាប់យកប្រព័ន្ធឌីជីថលច្រើនជាងធនាគារក្នុងស្រុកណាៗទាំងអស់ ដោយផ្អែកលើកម្មវិធី ABA Mobile របស់ខ្លួន” លោកបានបន្ថែម។

ធនាគារ ABA ទទួលបានការគោរពសរសើរបន្តឥតដាច់ ពីទស្សនាវដ្តី Euromoney ចាប់តាំងពីធនាគារទទួលបានជ័យលាភី “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ដំបូងនៅក្នុងឆ្នាំ 2014 មក។ ធនាគារ ABA ក៏ទទួលបានពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា” ពីទស្សនាវដ្តី Global Finance ពីឆ្នាំ 2015 ដល់ឆ្នាំ 2019 និង ពានរង្វាន់ “ធនាគារឆ្នើមប្រចាំឆ្នាំ” ពីទស្សនាវដ្ដី The Banker ក្នុងឆ្នាំ 2014 និង 2016 ផងដែរ។

គួបញ្ជាក់ផងដែរថា ទស្សនាវដ្ដី Euromoney គឺជាទស្សនាវដ្ដីប្រចាំខែដ៏គួរឲ្យជឿទុកចិត្ត និងល្បីល្បាញបំផុតមួយ ដែលផ្ដោតលើអាជីវកម្ម និងហិរញ្ញវត្ថុ។ ទស្សនាវដ្តីនេះត្រូវបានបោះពុម្ពផ្សាយដំបូងបង្អស់នៅក្នុងឆ្នាំ 1969 ហើយបានចុះផ្សាយអំពីវិសាលភាពលើការលេចឡើងជាថ្មី នៃទីផ្សារមូលធនឆ្លងដែនអន្តរជាតិ។ ពានរង្វាន់ឧត្តមភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តី Euromoney ត្រូវបានបង្កើតឡើងនៅឆ្នាំ 1992 ហើយជានិយាមសកលសម្រាប់វិស័យ ធនាគារ។ ពានរង្វាន់ប្រចាំឆ្នាំទាំងនេះ គ្របដណ្ដប់លើផលិតផលសកលជាង 20 ប្រភេទ ពានរង្វាន់លំដាប់ថ្នាក់ឧត្តមប្រចាំតំបន់ និងធនាគារឆ្នើមនៅបណ្ដាប្រទេសប្រមាណ 100 ប្រទេសទូទាំងពិភពលោក។ សេចក្តីសម្រេចផ្ដល់ពានរង្វាន់របស់ទស្សនាវដ្ដី Euromoney ធ្វើឡើងដោយគណៈកម្មាធិការអ្នកសារព័ត៌មានជាន់ខ្ពស់ ដែលដឹកនាំដោយនិពន្ធនាយករបស់ទស្សនាវដ្ដី Euromoney បន្ទាប់ពីទទួលបានការដាក់ជូនព័ត៌មានលម្អិតពីសំណាក់អ្នកចូលរួមនៃទីផ្សារនេះ បូករួមជាមួយការធ្វើការស្រាវជ្រាវមួយឆ្នាំពេញនៅក្នុងវិស័យធនាគារ និងទីផ្សារមូលធននៅក្នុងតំបន់ដោយនិពន្ធនាយក អ្នកសារព័ត៌មាន និងក្រុមស្រាវជ្រាវ។