ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI គ្រោងនាំសហគ្រិន អ្នកវិនិយោគជាច្រើន ផ្នែកវិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស មកវិនិយោគនៅម្ពុជា
សេដ្ឋកិច្ច April 9, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័តមាន បានឱ្យដឹងថា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ថាលោកគ្រោងនឹងនាំមកនូវសហគ្រិន អ្នកវិនិយោគជាច្រើន ដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស មកវិនិយោគនៅម្ពុជា។

លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានបន្តថា លោកបានគោរពស្នើសុំសម្ដេចធិបតី ដើម្បីបានរៀបចំនូវវេទិកា ២ សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ 2024 នេះ ដែលចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ៖

ទី១) កិច្ចប្រជុំកំពូលសកលស្ដីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ ( Global Chinese Economic and Technology Summit 2024 )

ទី២) កិច្ចប្រជុំកំពូលស្ដីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (ASIA Economic Entrepreneurship Summit) ដែលនឹងនាំអ្នកវិនិយោគិនពីបណ្ដាប្រទេសទូទាំងពិភពលោក វិនិយោគិនពី អាមេរិក អ៉ឺរ៉ុប ចិន មកកាន់តំបន់អាស៊ាន ពិសេសកម្ពុជា ដើម្បីស្វែងរកឱកាសដើម្បីវិនិយោគ ដោយលោកសង្ឃឹមថាវេទិកាទាំងពីរនេះនឹងទាក់ទាញវិនិយោគិននៅក្នុងតំបន់ និងជុំវិញពិភពលោក ហើយលោកបានជម្រាបថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានឯកភាពនៃការស្នើសុំអញ្ជើញសម្ដេចធិបតី ជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាទាំងពីរនេះរួចហើយ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ថា សូមឲ្យកម្មវិធីនានា ចូលរួមដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ផ្ដល់យោបល់បន្ថែមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើយើងប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការរបស់ចិនគឺធំធេងណាស់ ដូច្នេះយើងត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើការប្រៀបធៀបក្នុង សម័យ covid ដែលពីមុននោះយើងគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញនៅពេលការរារាំងដោយជំងឺកូវីដ ពាណិជ្ជកម្មរបស់កម្ពុជានិងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយ វៀតណាម ជាមួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬ អាចលើសទ្វេរដងទៅទៀត។

សម្ដេចតេជោ បានអំពាវនាវឲ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែលយើងមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។

សម្ដេចតេជោ បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ានយើងនេះ យើងមិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀតគឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ហើយត្រូវធ្វើខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា។

សម្ដេចក៏បានស្នើឲ្យ វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន៕