សម្តេចតេជោ ហ៊ុន សែន៖ «បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ ដូច្នេះបើមិនធ្វើព្រែកជីកទេ កម្ពុជានៅតែពឹងដង្ហើមគេដក គេចង់ផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏ឱ្យ»
សេដ្ឋកិច្ច April 27, 2024 Khmernote

ឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ាកម្ពុជានៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ​បានថ្លែងថា បច្ចុប្បន្ននេះបើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ បើមិនធ្វើព្រែកជីកទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីហ្សែន ដែលត្រូវគេផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏ឱ្យ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមទូន្មានទៅប្រទេសមួយចំនួន ដែលចាប់យកបញ្ហាព្រែកជីកហ្វូណន-តេជោ ដើម្បីប្រឆាំងនឹងកម្ពុជាសូមបញ្ឈប់ទៅ។ ខ្ញុំគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង គឺផ្លូវជាតិលេខ៤១ របស់កម្ពុជា គឺជាផ្លូវអង្គឌួង ដែលធ្វើទៅកាន់មាត់សមុទ្រ ហើយព្រះអង្គក៏មានព្រះរាជតម្រិះជីកព្រែកជីកនេះដែរ ប៉ុន្តែធ្វើមិនបាន ឥឡូវដល់ជំនាន់យើងត្រូវតែធ្វើហើយ។ ខ្ញុំនិយាយដោយត្រង់បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ ខ្ញុំសូមប្រាប់អ្នកទាំងអស់ឱ្យបានច្បាស់ បើមិនធ្វើព្រែកជីកនឹងទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីហ្សែន ដែលត្រូវគេផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏ឱ្យ»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា៖ «នេះក៏ជាសារដាស់តឿនចំពោះវៀតណាមថា មូលហេតុអីបានជាកម្ពុជាត្រូវសម្រេចធ្វើព្រែកជីកហ្វូណនតេជោនេះ គឺដោយសារវាលំបាកពេកហើយកម្ពុជាត្រូវបង់ថ្លៃការ, ប្រកួតប្រជែងរបស់យើងមិនឈ្នះគេនោះទេ ប៉ុន្តែបើបានព្រែកជីកហ្វូណន-តេជោនេះ ការប្រកួតប្រជែងរបស់យើងនឹងមានលក្ខណៈប្រហាក់ប្រហែល (ថ្លៃភ្លើង ថ្លៃដឹកជញ្ជូន ថ្លៃពលកម្ម) យើងអាចប្រកួតប្រជែងជាមួយគេបាន ប៉ុន្តែគ្រាន់តែយើងបង់ថ្លៃដឹកជញ្ជូនប្រគល់ទៅឱ្យវៀតណាមជាប្រចាំនោះទេ វាគ្រប់គ្រាន់ល្មមនឹងបាត់បង់នូវភាពប្រកួតប្រជែងរបស់កម្ពុជាហើយ៕

អត្ថបទ៖ លីនី