ការដាំដុះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង មានការកើនឡើងរហូតដល់ប្រមាណ៣០០ភាគរយបើធៀបនឹងផែនការសរុប
សេដ្ឋកិច្ច April 2, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការដាំដុះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង មានការកើនឡើងរហូតដល់ប្រមាណ៣០០ភាគរយនៃផែនការ សរុបលើផ្ទៃដីជាង៦ម៉ឺនហិកតា និងធ្វើឱ្យបរិមាណស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលជួយជំរុញកំណើនសន្តិសុខស្បៀងនៅកម្ពុជា។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ស្រូវគឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដោយមានផ្ទៃដីបង្កបង្កើនផលស្រូវសរុបរហូតដល់ជាង៤៥ម៉ឺនហិកតា ដោយសារទឹកដីនៃខេត្តនេះ មានជីជាតិអំណោយផលក្នុងការដាំដុះដំណាំមួយប្រភេទនេះ។

លោកបានបន្តថា សម្រាប់ឆ្នាំនេះប្រជាកសិករបានផុសផុលក្នុងការ

ធ្វើស្រូវប្រាំង ដែលមានចំនួនរហូតដល់៦៤.៥៥៦ហិកតា គឺមិនធ្លាប់មានពីមុនមក ដោយសារតែតម្លៃទីផ្សារស្រូវ មានការកើនឡើងជាងឆ្នាំមុនៗ អាចលក់ ចេញក្នុងតម្លៃចាប់ពី១,០០០ ទៅ១,៤០០រៀលក្នុង១គីឡូក្រាម ខណៈដែលកាលពីឆ្នាំមុន កសិករដាំដុះត្រឹមតែប្រមាណជិត៤ម៉ឺនហិកតាប៉ុណ្ណោះ តែសម្រាប់នៅឆ្នាំនេះគឺលើសផែនការដល់រហូត៣០៧.៤១% នៃផែនការដាំដុះសរុបចំនួនត្រឹមតែជាង២០.០០០ ហិកតាប៉ុណ្ណោះ ។

លោកអនុប្រធាន បានបន្តទៀតថា ទន្ទឹមនឹងការកើនឡើងផ្ទៃដីស្រូវប្រាំងនេះ ប្រជាកសិករក៏មានជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងប្រភពទឹកស្រោចស្រព ដែលទាមទារឱ្យមានការចូលរួម គិតគូរ ពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងការជួយស្វែងរកប្រភពទឹក និងណែនាំទៅដល់ប្រជាកសិករត្រូវសិក្សាពីប្រភពទឹកជាមុនសិន មុននឹងធ្វើការដាំដុះ ។

« នៅក្នុងឆ្នាំនេះ ស្រូវគឺមានតម្លៃទីផ្សារល្អ ដែលបានចន្លោះរហូតដល់ពីមួយពាន់ ទៅមួយពាន់បួនរយរៀលដែរជាផលជំរុញឱ្យប្រជាកសិករព្យាយាមដាំដុះច្រើន ដែលសម្រាប់ផែនការផលិតគឺត្រឹមតែជាង២ម៉ឺនហិកតា ប៉ុន្តែប្រជាកសិករផលិតដល់ជាង៦ម៉ឺនហិកតា ដែលលើសផែនការរហូតដល់ប្រមាណ៣០០ភាគរយ គឺគាត់ព្យាយាមនឹងប្រឹងប្រែងទៅលើការវិនិយោគលើដំណាំស្រូវ ប៉ុន្តែក៏នៅតែមានបញ្ហាប្រឈមទៅលើប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវដូចគ្នា »។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង ក្រៅពីដំណាំស្រូវ ក៏នៅមានដំណាំសំខាន់ៗជាច្រើន រួមមាន ៖ ពោតក្រហម ដំឡូងមី សណ្ដែកសៀង ស្វាយកែវរមៀត មៀនប៉ៃលិន ល្ង ជាដើម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕