ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បញ្ជាក់ថា ឡានដំឡើងនៅរោងចក្រដែលទើបសម្ពោធថ្មីៗនេះ នឹងដាក់លេខកូដនៅលើស៉ាក់ស៊ី បញ្ជាក់ថា «ផលិតនៅកម្ពុជា»
សេដ្ឋកិច្ច May 4, 2024 Khmernote

កាលព្រឹកថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងពិធីសម្ពោធបើកដំណើរការរោងចក្រ ដំឡើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពី០២ ខែឧសភា ឆ្នាំ២០២៤​ ថ្មីៗនេះ ។

ក្នុងឱកាសនោះផងដែរ លោក ឧកញ៉ា គង់ នួន បានថ្លែងអំណរគុណសម្តេច និងបានជម្រាបជូន សម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការដំឡើងរថយន្តនេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសារឡានផលិត នៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើ ស៉ាក់ស៊ី បញ្ជាក់ថាផលិតនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា បើតាមការលើកឡើងរបស់លោក ICHIRO KASHITANI ក្រុមហ៊ុន Toyota បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ដោយមានជាដំណាក់កាល៖
– ១៩៩៣ បានបង្កើតឈ្មោះ T.TH.K ទទួលសិទ្ធជាកន្លែងផ្តល់សេវាកម្មតូយ៉ូតា បង្កើត ការិយាល័យ តូយ៉ូតា ស៊ុយស៊ូ នៅក្រុងភ្នំពេញ
– ២០០៩ បង្កើត តូយ៉ូតា (ខេមបូឌា) ឯ.ក ទទួលសិទ្ធជាអ្នកចែកចាយរថយន្តតូយ៉ូតា
– ២០១៤ បង្កើត តូយ៉ូតា ស៊ុយស៊ូ ហ្វានែន (ខេមបូឌា) ឯ.ក
– ២០១៦ បង្កើត សួនឧស្សាហ៍កម្មប៉ោយប៉ែត ជាផ្នែកមួយនៃវិស័យឧស្សាហ៍កម្ម
– ២០២២បង្កើត រោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក

ជាមួយគ្នានេះដែរ នៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park ) ក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម លោកក៏បានរៀបរាប់ពីរោងចក្រនៅភ្នំពេញនេះ ដែលនឹងផលិតរថយន្តមានដូចជា Toyota Hilux និង Toyota Fortuner ដោយមានកម្មករប្រមាណ១៥០នាក់៕

អត្ថបទ៖ លីនី