ភូមិខ្មែរ នៅប្រទេសជប៉ុន នឹងតាំងបង្ហាញផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌ប្រពៃណីរបស់ខ្មែរ
សេដ្ឋកិច្ច May 3, 2024 Khmernote

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវា ប្រទេសជប៉ុន នឹងតាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈការផុសនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវ​បានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះជាកន្លែងដ៏មានសារៈសំខាន់មួយសម្រាប់ផ្តល់នូវព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជា​កន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលឱ្យបន្តរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម