សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ជួយបណ្ដុះបណ្ដាលយុវជនកម្ពុជាលើជំនាញរថយន្ត
សេដ្ឋកិច្ច May 3, 2024 Khmernote

នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេចតេជោ បានស្នើសុំអោយក្រុមហ៊ុនជួយបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនចំនួន ១,៥លាននាក់ ដោយមិនបង់ថវិកា និងផ្ដល់ថវិកាអោយបន្ថែមទៀតផងដែរ។

ទន្ទឹមមនឹងនេះដែរ សម្ដេចតេជោ បានលើកឡើងថា សម្ដេចតែងរំលឹក មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមអោយប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញអោយគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និងកម្ពុជាផង តាមរូបមន្ត១បូក។

សម្ដេចតេជោ ចង់អោយរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់អោយផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។ ជាកិច្ចឆ្លើយតប លោក ICHIRO បានប្ដេជ្ញានឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និងផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជា៕

អត្ថបទ៖ លីនី