ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើង យ៉ាងឆាប់រហ័ស
សេដ្ឋកិច្ច March 29, 2024 Khmernote

ធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេស ការស្កេនឃូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

នេះជាការបំភ្លឺ បន្ទាប់ពី នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទង នឹងលទ្ធផល នៃការធ្វើអង្កេតអនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជាមាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយ ការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។

សេចក្តីបំភ្លឺព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាការអភិវឌ្ឍនេះគឺអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ ទំនើបៗជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាមឃូអរកូត ការបង្កើតស្តង់ដារអរកូត ជាដើម ដែលផ្ដល់ភាពងាយស្រួលដល់ការទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស ជាពិសេសក្នុងពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបបានកើនឡើង ដល់ជាង ១៩ លានគ្រឿង ច្រើនជាងចំនួនប្រជាជនកម្ពុជាសរុប ដែលមានជាង ១៦ លាននាក់។

ធនាគារជាតិនៃកម្ពុជា អះអាងថា ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើនឡើង ពី១.១០០លានប្រតិបត្តិការ ក្នុងឆ្នាំ២០២២ មកដល់ ១.៧៨៦លានប្រតិបត្តិការ ក្នុងឆ្នាំ ២០២៣ ហើយចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថល ទាំងជាប្រាក់រៀល និងដុល្លារអាមេរិក បានកើនឡើងពី៤០០ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដែលស្មើនឹងប្រមាណ១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធបាគងបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអតិថិជន បើកគណនីសរុប២៧,៦ អាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង២,៩លានទីតាំង គិតត្រឹមចុង ឆ្នាំ២០២៣។

ធនាគារជាតិនៃកម្ពុជា បាន និងកំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធនិងបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។ ជាមួយនឹងការអនុវត្តគោលនយោបាយទាំងនេះ ការទូទាត់ឌីជីថលនៅក្រៅប្រទេស ក៏បានកើនឡើងផង ដែរ ដូចជា ថៃ វៀតណាម និងឡាវ ជាដើម ដែលប្រជាជនកម្ពុជាអាចទូទាត់នៅហាងទំនិញនៅប្រទេស ទាំងនេះ ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន។ ទន្ទឹមនេះ ភ្ញៀវអន្តរជាតិ ក៏បាននិងកំពុងប្រើប្រាស់ប្រព័ន្ធ ទូទាត់ការទូទាត់ឌីជីថលច្រើនជាងមុនផងដែរ តាមរយៈ QR Code ដោយសារកិច្ចខិតខំប្រឹងប្រែង ក្នុងការ តភ្ជាប់ប្រព័ន្ធជាមួយប្រទេសក្នុងតំបន់កាន់តែច្រើនឡើងជាលំដាប់៕

ប្រភព៖ ក្រសួងព័ត៌មាន