ក្រុមហ៊ុនធំៗចំនួន ៣ ចុះមកឈ្វេងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ហើយចាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗមួយចំនួន
សេដ្ឋកិច្ច April 27, 2024 Khmernote

ក្រុមហ៊ុនធំៗចំនួន ៣ ចាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា រួមមាន វិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​ នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ រួមមានក្រុមហ៊ុន Management Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមសំណើសុំរបស់ក្រុមហ៊ុនក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា។ ដោយក្នុងនោះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាឱកាសនេះបានសម្ដែងការស្វាគមន៍ចំពោះបេសកកម្មរបស់ក្រុមហ៊ុនមកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់ៗដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ ១០០%នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាននិងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា