ឯកឧត្ដម ឃួង ស្រេង៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ទំហំ ៥៧ហិកតា នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានហាងជាច្រើន និងរៀបចំជា Pub Street គ្រោងនឹងរៀបចំឡើងដ៏ឆាប់ៗនេះ
សេដ្ឋកិច្ច April 27, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើ ឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលា រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ គម្រោងនេះយើង បានសិក្សារួចអស់ហើយ ដូច្នេះលោកជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តន៍ការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺឱ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាង ជើង៖ ផ្លូវលេខ៩៤-ខាងត្បូង ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។ ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pub Street)។ ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាង កើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។

លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹង រៀបចំឡើងឱ្យមានសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង (Pub Street) ផងដែរ។ តំបន់នេះក្រោយ ការរៀបចំរួចនឹងបើកឱ្យ ភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ ល្ងាច ដល់ម៉ោង១១យប់៕

ប្រភព៖ ក្រសួងព័ត៌មាន