អគ្គនាយកដ្ឋានពន្ធដារ គូសបញ្ជាក់ថា ការប្រមូលពន្ធលើអចលនទ្រព្យនៅតែមានបញ្ហាប្រឈម
អចលនទ្រព្យ August 24, 2023 Khmernote

នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ការប្រមូលពន្ធលើអចលនទ្រព្យនៅតែមានបញ្ហាប្រឈម ទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលពន្ធដារនឹងសម្រេចបានដល់ ១០៧​.៥%។

អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ថា បើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារនឹងសម្រេចបានប្រមាណ ១០៧.៥% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤.៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ តែទោះជាយ៉ាងនេះក្តី បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធតាម ប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ការប្រមូលពន្ធលើអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចបានចំនួន ៥៦,៩៩ ប៊ីលានរៀល (ប្រមាណជា ១៤,២៥ លានដុល្លារ) បើប្រៀបធៀបនឹងផែនការ ប្រចាំឆ្នាំ២០២៣ ទើបតែសម្រេចបាន ៣៦.៩៩% ប៉ុណ្ណោះ។

ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងចៀសវាងការផាកពិន័យលើម្ចាស់អចលនទ្រព្យដែលមិនបានបំពេញកាតព្វកិច្ចពន្ធនេះបាន ទាន់ពេលវេលា កាលពីថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតជូនដំណឹងស្តីពីការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ក្នុងការក្រើនរំលឹកម្ចាស់អចលនទ្រព្យមួយចំនួនដែលនៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ ឱ្យមករូសរាន់បង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំណត់។ ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនេះ ម្ចាស់អចលនទ្រព្យនិងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់៕

អត្ថបទ៖ លីនី