ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនម្ចាស់នៃក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិ១ និង ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យ លេខ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីធ្លី (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តព្រះសីហនុ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ស្ថិតក្នុងតំបន់វិនិច្ឆ័យខាងលើ ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤។ ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជំរាបជូនដល់សាធារណៈជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់អោយបានជ្រាបថា ចំពោះប័ណ្ណសំគាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឱ្យរដ្ឋបាល សុរិយោដី ដើម្បីប្តូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជំនួសវិញ ដែលត្រូវប្រគល់ជូនដោយមន្ត្រីសុរិយោដី សម្រាប់ភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្លូវ ៧០២ ក្បែរបុរីមង្គលលែន ស្ថិតនៅភូមិ២ សង្កាត់លេខ១ កុំបីអាក់ខាន។
ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ដាក់ធានា និងដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យ ខាងលើ សូមយកប័ណ្ណទាំងនោះមកជូនរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីការធានាប្រាក់របស់លោកអ្នក៕
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់