យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារ បច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន តម្លៃសមរម្យនៅកម្ពុជា ក្នុងគោលបំណងជំរុញការអភិឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេសមន្ត្រីរាជការឱ្យទទួលបានលំនៅឋានស្នាក់នៅសមរម្យ។

ក្រុមការងារ បច្ចេកទេសនេះ ជាសេនាធិការ នៃគណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដែលមានសមាសភាពចំនួន ១២រូប ក្នុងនោះឯកឧត្តម ឱម ម៉ាក់ធារិទ្ធ ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាប្រធានក្រុមការងារ។
ក្រុមការងារបច្ចេកទេសនេះ មានតួនាទី និងភារកិច្ច សំខាន់ៗដូចជា សម្របសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ ដោយធ្វើការវាយតម្លៃផលប៉ះពាល់លើចំណូលរបស់រដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ,សម្របសម្រួល និងពន្លឿនការរៀបចំបែបបទ និងការអនុម័តលើការស្នើសុំការលើកលែងពន្ធ ,ពិនិត្យលទ្ធភាពក្នុងការស្នើជម្រើស ហិរញ្ញប្បទាន ដើម្បីផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យក្នុងករណីចាំបាច់។ ក្រុមការងារត្រូវរិះរកវិធានការ និងកិច្ច សហការពីស្ថាប័នពាក់ព័ន្ធ ជាពិសេសពីស្ថាប័ន ហិរញ្ញវត្ថុ ដើម្បីធានាអត្រាការប្រាក់សម្រាប់ទិញ លំនៅឋាន ឱ្យសមស្រប និងលទ្ធភាព របស់ក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា តម្រូវការលំនៅឋានសម្រាប់ពលរដ្ឋស្នាក់នៅ គឺនៅតែមានខ្ពស់ ប៉ុន្តែអ្នកអភិវឌ្ឍន៍ភាគច្រើនបានអភិវឌ្ឍន៍លំនៅឋាន ដែលមានតម្លៃខ្ពស់ហួសពីលទ្ធភាពរបស់ពលរដ្ឋ ទើបធ្វើឱ្យការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃខ្ពស់ លើសពីតម្រូវការ។ឯកឧត្តម បានបន្តថា បើសិនជា អ្នកអភិវឌ្ឍន៍បានសិក្សាពីតម្រូវការរបស់ពលរដ្ឋជាក់ស្ដែងនោះ ការអភិវឌ្ឍលំនៅឋាន នឹងមិនលើសតម្រូវការ ហើយក៏មិនមានលំនៅឋាននៅសល់ច្រើនទៀតនោះដែរ ។
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន Worldbridge Homes ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅកម្ពុជា ដំបូងគេបានថ្លែងថា គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ដែលក្រុមហ៊ុន បានអភិវឌ្ឍន៍សម្រាប់ផ្ដល់ជូនពលរដ្ឋមានប្រាក់ចំណូល ទាប និងមធ្យម និងមន្ត្រីរាជការមកដល់ពេលនេះ បានលក់ចេញជិតអស់ហើយ ដោយក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍន៍គម្រោងថ្មីមួយទៀត នៅទីតាំងដែលមានតម្រូវការខ្ពស់លើលំនៅឋានប្រភេទនេះ។
បើតាមរបាយការណ៍របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ មានក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅឋាន តម្លៃសមរម្យ មានចំនួន ៤ អភិវឌ្ឍលំនៅឋានចំនួន ១១ ៤៩៥ ផ្ទះ ក្នុងនោះ មាន ក្រុមហ៊ុនចំនួន២ បានអភិវឌ្ឍរួចរាល់១០០ភាគរយ ។ ក្រុមហ៊ុនទាំង ៤ មាន ទី១. ក្រុមហ៊ុន WorldBridge Homes ទី២. ក្រុមហ៊ុន B&BM Development, ទី៣. ក្រុមហ៊ុន អារ៉ាខាវ៉ា និង ទី ៤. ក្រុមហ៊ុន ប៊ីអជីភី ប្រផឹធី ឌីវេឡុបមិន ៕
ប្រភព៖ ក្រសួងព័ត៌មាន