ដំណឹងល្អ! ក្រសួងរៀបចំដែនដី ប្រកាសឱ្យអតិថិជន បុរី វី អាយ ភី នៅភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានបង់ប្រាក់គ្រប់១០០% មកដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ
អចលនទ្រព្យ February 3, 2024 Khmernote

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែកុម្ភៈ ម្សិលមិញ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) គឺអាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងដែនដីបានបញ្ជាក់ដូច្នេះថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជា អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ឱ្យបានជ្រាបថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលរបស់ក្រសួងកន្លងមក ភាគីអ្នក អភិវឌ្ឍបុរី និងភាគីម្ចាស់បំណុលរបស់បុរី បានឯកភាពគ្នាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) រួចហើយ។

អាស្រ័យហេតុនេះ សូម លោក លោកស្រី ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ និង/ឬផ្ទះគ្រប់ ចំនួន (១០០%) អញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិនៅទីស្តីការរដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទប់លេខ១១៩ ជាន់ទី១ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

១- កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម) ។

២- វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម)។

៣- ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ដូចមានកំណត់ក្នុងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

ចំពោះករណីអតិថិជនដទៃទៀតរបស់ បុរី រឺ អាយ ភី (VIP) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តសម្របសម្រួលដោះស្រាយជាមួយភាគីអ្នកអភិវឌ្ឍបុរី និងភាគីម្ចាស់បំណុលរបស់ បុរីជាបន្តទៀត៕

អត្ថបទ៖ លីនី