ប្រយ័ត្នជាប់ពិន័យ! អគ្គនាយកដ្ឋានពន្ធដារ រំលឹកជាលើកទី២ ពីថ្ងៃបិទការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣
អចលនទ្រព្យ August 11, 2023 Khmernote

អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងរំលឹកលើកទី២ ពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣។ សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់បន្ថែមទៀតថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។ សូមអានសេចក្តីជូនដំណឹងរំលឹករបស់អគ្គនាយកដ្ឋានពន្ធដារនោខាងក្រោម៖

\

អត្ថបទ៖ លីនី