រំភើបណាស់! ប្រាក់រៀលរបស់ខ្មែរ មាននៅក្នុងបញ្ជរប្ដូរប្រាក់នៅ T2 និង T3 ក្នុងអាកាសយានដ្ឋាន Changi របស់សិង្ហបុរីហើយ
ហិរញ្ញវត្ថុ July 28, 2023 Khmernote

ប្រាក់រៀលរបស់កម្ពុជា នាពេលនេះ មាននៅក្នុងបញ្ជរប្តូររូបិយប័ណ្ណបរទេស (Travelex) នៅអាកាសយានដ្ឋាន Changi ហើយត្រង់ T2 និង T3 នេះដោយយោងតាមការបង្ហោះរបស់លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមុននេះបន្តិច។

គួររម្លឹកផងដែរថា ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត ” កាលពីរសៀលថ្ងៃ ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ ក្នុងនោះប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay នៅក្នុងប្រទេសចិន និងទូទាំងពិភពលោកផងដែរ៕

អត្ថបទ៖ លីនី