ប្រាក់រៀលរះហើយ​! ពលរដ្ឋខ្មែរ នឹងអាចចាយប្រាក់រៀលបាន នៅប្រទេសចិន និងទូទាំងពិភពលោកតាមរយៈ ឃ្យូអរកូត “QR Code”
ហិរញ្ញវត្ថុ July 11, 2023 Khmernote

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញនៅថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ពលរដ្ឋខ្មែរ នឹងអាចចាយ «ប្រាក់រៀល» នៅប្រទេសចិន និងទូទាំងពិភពលោកបានតាមរយៈស្កេន ឃ្យូអរកូត “QR Code” បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ប្រាក់ឆ្លងដែនតាមរយៈឃ្យូអរកូត ” កាលពីរសៀលថ្ងៃ ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។

តាមរយៈអនុស្សរណៈយោគយល់នេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនីធនាគារ ជាប្រាក់រៀលក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay នៅក្នុងប្រទេសចិន និងទូទាំងពិភពលោកផងដែរ។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យ។ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតនៅខាងក្រោម៖

អត្ថបទ៖ លីនី