ធនាគារកណ្ដាលនៃប្រទេសថៃ កំពុងពិចារណាកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់ប្រជាជនដោះស្រាយលើបញ្ហាបំណុលគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
សារព័ត៌មានដដែលបានឱ្យដឹងថា នាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារកណ្តាលថៃ បានណែនាំពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ ដែលនេះអាចជួយស្រោចស្រង់ជីវិតដល់កូនបំណុលដែលកំពុងជួបការលំបាក និងអស់សង្ឃឹមក្នុងការគេចចេញពីវត្តបំណុលដែលកាន់តែអាក្រក់ទៅៗរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាជាមួយសមាគមធនាគាថៃ (TBA) និងក្រុមពាក់ព័ន្ធផ្សេងទៀត ធនាគារកណ្តាលកំពុងរិះរកវិធីផ្សេងៗ ដើម្បីទប់ស្កាត់បំណុលគ្រួសារដែលកំពុងកើនឡើងរបស់ប្រទេស។
ជាមួយគ្នានេះដែរ ទេសាភិបាលរងរបស់ធនាគារកណ្តាលលោក Ronadol Numnonda បានឱ្យដឹងថា ការកាត់បន្ថយបែបនេះអាចផ្តល់នូវការបន្ធូរបន្ថយសម្រាប់កូនបំណុលដែលមានបន្ទុកសងបំណុលក្នុងរយៈពេលយូរ និងជាប់លាប់។ លើសពីនេះ លោកបានបង្ហើបថា ក្នុងខែនេះ និយតករគ្រោងនឹងដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួនបី ដែលផ្តោតលើការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ការកំណត់តម្លៃផ្អែកលើហានិភ័យ និងគោលនយោបាយ macroprudential ក្នុងគោលបំណងដោះស្រាយស្ថានភាពបំណុលគ្រួសារដែលជាបញ្ហារបស់ប្រទេសជាតិ។ បន្ទាប់ពីរឿងនេះ លោក Ronadol បានប្រកាសថា ធនាគារកណ្តាលនឹងបើកសវនាការជាសាធារណៈលើសំណើទាំងបីនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ The Thaiger