ដើម្បីលើកតម្កើងប្រាក់រៀល ធនាគារជាតិកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចេញប្រាក់រៀលទៅលើទីផ្សារ
ហិរញ្ញវត្ថុ June 26, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចេញប្រាក់រៀលទៅលើទីផ្សារ ដើម្បីលើកតម្កើងប្រាក់រៀល និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។

លោក សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការលើកកម្ពស់ប្រាក់រៀលមិនអាចធ្វើតែម្នាក់ ឬធ្វើតែមួយស្ថាប័នបានទេ គឺត្រូវការចូលរួមទាំងអស់គ្នា ។
លោក សំ វិចិត្រ បានបន្ដថា ធនាគារជាតិកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដែរ ដើម្បីឱ្យ ប្រាក់រៀលចរាចរណ៍ទៅលើទីផ្សារកាន់តែច្រើន ។

« ពាក់ព័ន្ធជាមួយនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ គឺយើងធ្វើការលើកកម្ពស់ប្រាក់រៀល បើតាមបទពិសោធន៍របស់ប្រទេសដទៃគឺយើងមិនអាចចាប់បង្ខំបានទេ អ្វីដែលយើងធ្វើនឹងត្រូវការព្យាយាម គឺត្រូវឱ្យគាត់យល់ឱ្យច្បាស់អំពីថា តើការប្រើប្រាស់លុយរៀលមានអត្ថប្រយោជន៍យ៉ាងដូចម្ដេច ដើម្បីឱ្យ គាត់ស្រឡាញ់ ជាពិសេសយុវជនវ័យក្មេង។ អ៊ីចឹងអ្វីដែលយើងព្យាយាមកន្លងមក ទី១ គឺយើងព្យាយាម លើកកម្ពស់ ដូចជាបង្កើតទិវាប្រាក់រៀល ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទី២ គឺយើងបង្កឱ្យលុយរៀល មានលក្ខណៈងាយស្រួល បើសិនជាលុយរៀលចាយមានលក្ខណៈងាយស្រួលទៅ គឺយើងប្រើប្រាស់កាន់ តែច្រើនជាងមុន»។

គួររំលឹកដែរថា ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការនូវការទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ តាមរយៈប្រព័ន្ធបាគង ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានទំហំច្រើន នៅក្នុងចរន្តសេដ្ឋកិច្ច។

លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារកម្ពុជា មានប្រសាសន៍ថា ការគ្រោងពង្រីកប្រព័ន្ធទូទាត់ ឆ្លងដែនជាមួយប្រទេសឡាវ និងវៀតណាម គឺបន្ទាប់ពីកម្ពុជាទទួលបានជោគជ័យ នូវការទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ។

បច្ចុប្បន្ន ប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យពលរដ្ឋផ្ទេរប្រាក់ទៅកាន់ ធនាគារបានទាំងអស់នៅកម្ពុជាដោយងាយស្រួល និងរហ័ស។ ជាពិសេសពលរដ្ឋដែលប្រើប្រព័ន្ធនេះ គឺអាចចាយវាយប្រាក់រៀលនៅក្នុងប្រទេសថៃ បានថែមទៀត តាមរយៈការស្កេន QR Code ។

កម្ពុជា និងថៃ បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មក។ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ ការទូទាត់ឆ្លងដែនរវាងកម្ពុជា-ថៃ គឺសម្រេចបានទឹកប្រាក់ជាង ៣០០០លានរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន