លោកជំទាវ ជា សេរី អំពាវនាវប្រជាពលរដ្ឋពិនិត្យឲ្យបានម៉ត់ចត់លើកិច្ចសន្យាខ្ចីប្រាក់ពីធនាគារ មុនចុះហត្ថលេខា ដើម្បីជៀសវាងបញ្ហាជម្លោះ ខណៈធនាគារមួយចំនួនដំឡើងការប្រាក់
ហិរញ្ញវត្ថុ April 6, 2023 Khmernote

លោកស្រី ជា សេរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិនិត្យមើលកិច្ចសន្យាខ្លួនឱ្យបានហ្មត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធនិងកាតព្វកិច្ចខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជម្លោះនៅថ្ងៃក្រោយ។ លោកស្រី ជា សេរី បានធ្វើការអំពាវនាវបន្ទាប់ពីពេលថ្មីៗនេះ មានធនាគារមួយចំនួន ប្រកាសចាប់ផ្តើមឲ្យអត្រាការប្រាក់បន្ថែមពីលើអត្រាការប្រាក់មុន។

តាមរយៈ Facebook ផ្លូវការ លោកស្រី ជា សិរី បានថ្លែងថា កន្លងមកខ្ញុំបានពន្យល់ពីមូលហេតុដែលធនាគារមួយចំនួនដំឡើងអត្រាការប្រាក់ឥណទាន។ ការដំឡើងគឺដោយសារអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជាក៏ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមទុនរបស់គាត់ខ្ពស់ជាងមុន។ ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារដែលប្រើប្រាស់ទុនក្នុងស្រុកក៏បានចំណាយការប្រាក់ខ្ពស់ជាងមុនឱ្យអ្នកដាក់ប្រាក់បញ្ញើ។ បើយើងសង្កេតមើលអត្រាប្រាក់បញ្ញើគឺមានការកើនឡើងសឹងតែគ្រប់ធនាគារ។ អ្នកដាក់លុយចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ជីចង់បានការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួនក៏បានសម្រេចចិត្តដំឡើងអត្រាការប្រាក់លើឥណទានអតិថិជនរបស់ខ្លួន។

សំណួរសួរថាតើធ្វើនេះខុសឬត្រូវ? ខ្ញុំក៏មិនដឹងថាកិច្ចសន្យានីមួយៗបានសរសេរយ៉ាងដូចម្តេចដែរ។ វាអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាង។ កិច្ចសន្យាខ្លះគឺផ្អែកលើអត្រាការប្រាក់អណ្តែតអន្តរជាតិ។ បានន័យថាបើអត្រាការប្រាក់អន្តរជាតិកើនឡើង អត្រាការប្រាក់ឥណទានក៏កើនឡើង ហើយបើអត្រាការប្រាក់អន្តរជាតិធ្លាក់ចុះ អត្រាការប្រាក់ឥណទានក៏ត្រូវបន្ទាបតាមហ្នឹងដែរ។ ប៉ុន្តែក៏មានកិច្ចសន្យាឥណទានខ្លះ អត្រាការប្រាក់ត្រូវបានកំណត់ទុកជាមុនក្នុងរយៈពេលសរុបនៃការខ្ជី។ ក្នុងករណីនេះធនាគារត្រូវចរចារឡើងវិញជាមួយអតិថិជន បើមានការប្រែប្រួលលក្ខខណ្ឌ។

ដូច្នេះសូមបងប្អូនពិនិត្យមើលកិច្ចសន្យាខ្លួនឱ្យបានហ្មត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធនិងកាតព្វកិច្ចខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជម្លោះនៅថ្ងៃក្រោយ។ ទោះយ៉ាងណាយោងតាមបទប្បញ្ញតិជាធរមានគ្រឹះស្ថានហិរញ្ញវត្ថុមានកាតព្វកិច្ចបំភ្លឺរាល់ចម្ងល់អតិថិជន និងបង្ហាញរាល់លក្ខខណ្ឌទាំងឡាយដោយសុចរិត និងតម្លាភាព៕