សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋកុំឱ្យស្លន់ស្លោទៅដកលុយពីធនាគារ ក្រោយឃើញធនាគារអាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ដល់កម្ពុជាទេ
ហិរញ្ញវត្ថុ March 16, 2023 Khmernote

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។

សម្ដេចបានលើកឡើងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ (BBU) សរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ។

នាឱកាសនោះ សម្តេចតេជោបានរំលឹកផងដែរថា ករណីវិបត្តិបែបនេះធ្លាប់កើនឡើងជាច្រើនសាររួចហើយ ដោយលើកទី១ វិបត្តិសេដ្ឋកិច្ចអាស៉ី ឆ្នាំ១៩៩៧ ដែលពេលនោះ មានការច្របូកច្របល់នៃប្រព័ន្ធធនាគារ លើពិភពលោករាប់ទាំងកម្ពុជា ប៉ុន្តែធនាគារនៅកម្ពុជា ពេលនោះមានស្ថានភាពតូចៗនៅឡើយ ហើយពេលនោះពលរដ្ឋមួយចំនួនបង្ខំដកប្រាក់ចេញពីធនាគារ ក្នុងរយៈពេលប្រហែលជា៣សប្តាហ៍ ប៉ុន្តែបន្ទាប់ពី៣សប្តាហ៍ក្រោយមក ក៏មានពលរដ្ឋយកប្រាក់ទៅដាក់វិញ។

សម្រាប់លើទី២ វិបត្តិហរិញ្ញវត្ថុសាកល ឆ្នាំ២០០៨ ដែលផ្តើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិក ដែលពេលនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេ ក្នុងស្ថានភាពពេលនោះ កម្ពុជាបានខិតធ្វើការទប់ស្កាត់ហានិភ័យ ដោយដំឡើងអត្រាកាតព្វកិច្ចទុនបម្រុង តម្កល់ទុកនៅធនាគារជាតិ ពី៧ភាគរយដល់ ១២ភាគរយ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីបណ្តាធនាគារ ចេះគ្រប់គ្រងហានិភ័យដោយខ្លួនឯង ធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ច មកនៅត្រឹមតែ៧ភាគរយ។

សម្តេចតេជោបានបញ្ជាក់ថា ការភ័យស្លន់ស្លោរត់ទៅដក ប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាតបង់ប្រយោជន៍ របស់បងប្អូនទៅវិញ ព្រោះតែខាតបង់ការប្រាក់ ដែលព្រមព្រៀងជាមួយធនាគារ។ ជាមួយគ្នានេះ សម្តេចតេជោបង្ហាញនូវជំនឿចិត្តថា សហរដ្ឋអាមេរិកនឹងដោះស្រាយ បានបញ្ហានៃការដួលរលំ នៃធនាគារពាណិជ្ជចំនួន ២របស់ខ្លួន ដោយសារតែអាមេរិក ធ្លាប់មានបទពិសោធន៍បែបៗនេះរួចហើយ គឺបទពិសោធន៍ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដែលនឹងមិនធ្វើឲ្យមានភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុនោះឡើយ។ ហើយសម្ដេចតេជោ ក៏សូមអំពាវនាវជាថ្មីម្តងទៀត សម្រាប់ប្រជាពលរដ្ឋឱ្យជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែអ្វីដែលជាការខាតបង់ បើប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោ ដែលនាំគ្នាទៅដកប្រាក់ បាត់បង់នូវចំណែកការប្រាក់ ដែលខ្លួនត្រូវបាន។

សូមរម្លឺកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ ធនាគារធំៗចំនួន ២ របស់អាមេរិក បានដួលរលំនៅក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង។ ធនាគារទាំងនេះ បានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ៕

អត្ថបទ៖ លីនី