អ៊ុយក្រែន បញ្ចេញក្រដាសប្រាក់ថ្មី ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការបំពានរបស់រុស្ស៊ី
ហិរញ្ញវត្ថុ February 24, 2023 Khmernote

ធនាគារកណ្ដាលរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះ បានបញ្ចេញក្រដាសប្រាក់ ២០រីវញៀ (hryvnia) គំរូថ្មី ដែលស្មើនឹង (០.៥៤ដុល្លារ) ដើម្បីប្រារព្ធខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។

នៅលើក្រដាសប្រាក់អ៊ុយក្រែនគំរូថ្មីនោះ ផ្នែកម្ខាងត្រូវបានរចនាឡើងដោយបង្ហាញរូបភាពទាហាន ៣នាក់ រួមគ្នាលើកទង់ជាតិរបស់អ៊ុយក្រែន ខណៈនៅចំហៀងម្ខាងទៀត គឺមាន​រូបភាពដៃពីរត្រូវបានចងដោយស្កុត ដែលហាក់ចង់សំដៅលើការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងកៀវបានចោទប្រកាន់ទៅលើកងកម្លាំងរុស្ស៉ី ប៉ុន្តែទីក្រុងមូស្គូបានចេញមុខបដិសេធ។

លោក Andriy Pyshnyi ទេសាភិបាលធនាគារជាតិនៃអ៊ុយក្រែនបាននិយាយថា “ដើម្បីប្រារព្ធខួបនៃសង្រ្គាម ១ឆ្នាំគត់ យើងបានសម្រេចចិត្តដាក់ឱ្យដំណើរការនូវក្រដាសប្រាក់ដើម្បីជាការរំលឹក ខណៈធនាគារកណ្តាលបានធ្វើការយ៉ាងលំបាកចាប់តាំងពីមានការឈ្លានពានពេញទំហឹងកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន ដើម្បីរក្សាសេដ្ឋកិច្ចឱ្យនៅដដែល និងរក្សាស្ថិរភាព។

គួរបញ្ជាក់ផងដែរថា ក្រដាសប្រាក់ ២០រីវញៀគំរូថ្មីខាងលើនេះ នឹងត្រូវដាក់​ឱ្យចរាចរណ៍ ក្នុងចំនួន ៣០០,០០០សន្លឹក។ ជាមួយគ្នានេះ ក្រុមមន្រ្តីធនាគារកណ្តាលអ៊ុយក្រែន បានប្រាប់ថា ធនាគារបានចំណាយពេលប្រហែលជា ៨ខែ ដើម្បីរចនានិងបោះពុម្ព​​ក្រដាសប្រាក់នេះ ហើយធនាគារក៏គ្រោងរចនា និងផលិតក្រដាសប្រាក់គំរូថ្មីៗទៀត ដើម្បីដើម្បីរំលឹកដល់ជ័យជម្នះ និងការកសាងឡើងវិញរបស់អ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo