Saki Tamogami អាយុ ៣៧ឆ្នាំ រស់នៅយ៉ាងសន្សំសំចៃ រហូតសម្រេចបំណងចង់មានផ្ទះចំនួន ៣ នៅអាយុ ៣៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ស្រ្តីជប៉ុនរូបនេះ បានប្រើពេល ១៦ឆ្នាំ ដើម្បីសម្រេចក្ដីសុបិន្តរបស់នាង ដោយចាយមួយថ្ងៃតែ ១.៥០ដុល្លារប៉ុណ្ណោះ។

Tamogami បានដាក់ក្ដីសុបិន្តនៅពេលនាងអាយុ ១៨ឆ្នាំ ហើយតាមរយៈមធ្យោបាយសន្សំជាច្រើន នៅវ័យ ២៧ឆ្នាំ នាងបានទិញផ្ទះជាលើកដំបូងនៅទីក្រុង Saitama ក្នុងតម្លៃ ១០លានយ៉េន (ប្រហែល ៧៥,០០០ ដុល្លារ)។ ហើយ ២ឆ្នាំក្រោយមក Tamogami បានទិញលើកផ្ទះទីពីរក្នុងតម្លៃ ១៨លានយ៉េន (ប្រហែល ១៤០,០០០ដុល្លារ)។ នៅឆ្នាំ២០១៩ នៅពេលនាងមានអាយុ ៣៤ឆ្នាំ បានសម្រេចបំណងរបស់នាងជាមួយនឹងការទិញផ្ទះចុងក្រោយក្នុងតម្លៃ ៣៧លានយ៉េន (ប្រហែល ២៨០,០០០ដុល្លារ)។
ដើម្បីសម្រេចបាននូវគោលដៅនេះ Tamogami បានបង្ហាញពីការចំណាយប្រចាំថ្ងៃជាមធ្យម ៥០យ៉េន (ប្រហែល ០.៣៨ដុល្លារ) លើអាហារ ដូចជា មីអ៊ូដុន នំប៉័ងបន្ទះ និងបាយជាមួយនឹងត្រី។ នាងពូកែសន្សំសំចៃណាស់ ដោយសូម្បីតែសាប៊ូលាងចានក៏នាងប្រើតិចតួចដែរ ពោលគឺនាងមិនប្រើចានដាក់អាហារទេ គឺនាងញ៉ាំអាហារក្នុងឆ្នាំងតែម្ដង។
ជាងនេះទៅទៀត ចំពោះរបស់ប្រើប្រាស់នាងទិញតែទំនិញដែលគេបញ្ចុះតម្លៃប៉ុណ្ណោះ ហើយចំពោះខោអាវវិញ Tamogami មិនទិញថ្មីឡើយគឺនាងកែច្នៃខោអាវដែលបានពីសាច់ញាតិ និងទិញខោអាវជជុះ។ លើសពីនេះ នៅអាយុ ២៩ឆ្នាំ Tamogami បានទៅកាត់សក់ និងលក់សក់របស់នាងក្នុងតម្លៃ ៣,១០០ យ៉េន (ប្រហែល ២៣.៤០ដុល្លារ)។ សព្វថ្ងៃនេះ Tamogami ធ្វើការនៅក្នុងអចលនទ្រព្យ និងរកចំណូលដែលបានមកពីការជួលផ្ទះរបស់នាង៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo