ដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីហើយ តោះមករៀនពីយុទ្ធសាស្ត្រសន្សំលុយកុំឱ្យចុងខែមិនទាន់ដាច់លុយ
ហិរញ្ញវត្ថុ January 4, 2023 Khmernote

ដោយសារតែការចាយលុយស្រួលជាងការសន្សំលុយ ទើបធ្វើឱ្យយើងគ្រប់គ្នាជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដូចជា មិនមានប្រាក់សល់ជាប់ខ្លួន ប្រាក់ខែបើកមកចាយមិនដល់ខែ ឬ ពេលខ្លះឈានទៅដល់ការធ្លាក់ក្នុងបញ្ហាបំណុលទៀតផង។​ យ៉ាងណាមិញ ដើម្បីកុំឱ្យផុងខ្លួនចូលក្នុងបញ្ហាទាំងនេះ យើងត្រូវចេះគ្រប់គ្រងថវិកា និងចេះសន្សំផងដែរ ហើយខាងក្រោមនេះគឺជាគន្លឹះ និងយុទ្ធសាស្ត្រសន្សំលុយដ៏ល្អបំផុតដែលអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់យើងបាន៖

១.កត់ត្រាការចំណាយ៖ ដើម្បីចាប់ផ្តើមសន្សំលុយ ជំហានដំបូងគឺការស្វែងយល់ថាតើយើងចំណាយប៉ុន្មាន។ តាមដានរាល់ការចំណាយនីមួយៗ ដូចជា ការចំណាយទៅលើកាហ្វេ របស់របរប្រើប្រាស់ក្នុងផ្ទះ និងវិក្កយបត្រប្រចាំខែ។ កត់ត្រាការចំណាយរបស់យើងដោយសរសេរដោយប្រើខ្មៅដៃលើក្រដាស ឬក្នុងសៀវភៅបញ្ជីសាមញ្ញ។ នៅពេលដែលយើងមានទិន្នន័យគ្រប់គ្រាន់ហើយ បូកសរុបដើម្បីរៀបចំចំនួនទឹកប្រាក់ដើម្បីទុកប្រើប្រាស់ទៅលើរបស់អស់ទាំងនោះ។

២.ដាក់ប្រាក់សន្សំទៅក្នុងកញ្ចប់ថវិកាចំណាយ៖ បន្ទាប់ពីយើងបានដឹងពីអ្វីដែលយើងចំណាយក្នុងមួយខែៗរួចហើយ យើងអាចចាប់ផ្ដើមបង្កើតកញ្ចប់ថវិកាមួយសម្រាប់ការចំណាយ ហើយដាក់លុយសន្សំទៅក្នុងកញ្ចប់ថវិកានោះ។ កញ្ចប់ថវិកាដែលយើងបង្កើតឡើងគួរតែបង្ហាញពីការចំណាយទាក់ទងនឹងប្រាក់ចំណូលរបស់យើង ដូច្នេះយើងអាចរៀបចំផែនការចំណាយ និងកំណត់ការចំណាយលើស។ បន្ទាប់មករក្សាលុយដែលយើងចង់សន្សំដំបូងឱ្យបាន នោះយើងនឹងមានអារម្មណ៍រីករាយ និងចង់បន្តការសន្សំទៀត។

៣.ស្វែងរកវិធីកាត់បន្ថយការចំណាយ៖ ប្រសិនបើយើងមិនអាចសន្សំបានច្រើនតាមដែលយើងចង់បានទេ ដល់ពេលហើយដែលត្រូវកាត់បន្ថយការចំណាយ។ កំណត់លើការចំណាយមិនសំខាន់ដូចជា ការកម្សាន្ត និងការញ៉ាំអាហារដែលមិនចាំបាច់។ ជាមួយគ្នានេះ រកមើលវិធីដើម្បីសន្សំលើការចំណាយប្រចាំខែថេររបស់យើង ដូចជាការធានារ៉ាប់រងរថយន្ត ឬគម្រោងទូរស័ព្ទដៃរបស់យើងផងដែរ។ មួយវិញទៀត បើសិនជាយើងមានលុយបន្តិចបន្តួច កុំទិញរបស់មិនសំខាន់ តែបង្កើតផែនការសន្សំដើម្បីទិញវិញទើបជាការប្រសើរ។

៤.កំណត់គោលដៅសន្សំ៖ មធ្យោបាយដ៏ល្អបំផុតមួយដើម្បីសន្សំលុយ គឺកំណត់គោលដៅ។ ចាប់ផ្តើមដោយគិតពីអ្វីដែលនាំឱ្យយើងចង់សន្សំលុយ – ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ បន្ទាប់មកប៉ាន់ប្រមាណថា តើយើងត្រូវការលុយប៉ុន្មាន និងរយៈពេលប៉ុណ្ណា ដើម្បីសន្សំសម្រាប់វា។

៥.កំណត់លើការចំណាយជាអាទិភាព៖ បន្ទាប់ពីការចំណាយ និងប្រាក់ចំណូល ការបែងចែកលុយសន្សំគឺមានឥទ្ធិពលបំផុតទៅលើការសម្រេចគោលដៅរបស់យើង។ ឧទាហរណ៍ ប្រសិនបើយើងត្រូវប្ដូរឡាននៅពេលដ៏ខ្លីខាងមុខនេះ យើងអាចចាប់ផ្តើមដកលុយសន្សំបាន តែកុំភ្លេចការសន្សំសម្រាប់គោលដៅរយៈពេលវែងរបស់យើង៕

អត្ថបទ៖ លីនី
ប្រភព៖ nenow.in