ដំណាំខ្ទឹមស្លឹក របស់សមាគមន៍កសិកម្មបៃតងគោកស្រុកខេត្តត្បូងឃ្មុំជាង៦០ហិកតា កំពុងឆ្លើយតបតម្រូវការទីផ្សារ
បុគ្គលជោគជ័យ November 17, 2022 Naren

(ត្បូងឃ្មុំ)៖ ដំណាំខ្ទឹមស្លឹក របស់សមាគមន៍កសិកម្មបៃតងគោកស្រុកខេត្តត្បូងឃ្មុំជាង៦០ហិកតា កំពុងឆ្លើយតបតម្រូវការទីផ្សារទៅនឹងតម្រូវការទីផ្សារ ពិសេសនាអំឡុងខែវិច្ឆិកានេះ ដោយខ្ទឹមស្លឹកមានតម្លៃថ្លៃ ហើយប្រើរយៈពេលដាំត្រឹមតែជាង១ខែប៉ុណ្ណោះ អាចប្រមូលលក់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក តេន ទុំ ប្រធានសមាគមន៍កសិកម្មបៃតងគោកស្រុក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំស្លឹកខ្ទឹមជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋកម្ពុជាស្ទើរតែគ្រប់សម័យកាល ហើយដំណាំខ្ទឹមស្លឹកនេះ កំពុងមានទីផ្សារល្អសម្រាប់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ខណៈបច្ចុប្បន្ននេះ សមាជិកសហគមន៍កសិកម្មបៃតងគោកស្រុកបានពង្រីកការដាំដុះខ្ទឹមស្លឹក បានរហូតដល់ជាង៦០ហិកតា ដោយប្រមូលផលជាបណ្តើរៗហើយ។

លោកបន្តថា ខ្ទឹមស្លឹកប្រើពេលជាង១ខែអាចលក់ចេញបាន ។ លោកបន្តថា ក្នុង១ឆ្នាំប្រជាកសិករអាចដាំដំណាំនេះ បានចំនួន៤ទៅ៥ដង ហើយតម្លៃវិញលក់បានថ្លៃចាប់ពីខែសីហា រហូតទៅដល់ខែវិច្ឆិកា ក្នុងមួយគីឡូ តម្លៃ ១២០០០រៀល ដោយឡែកខែប្រាំងចាប់ពីចុងខែធ្នូ ដល់ខែមករា ខ្ទឹមស្លឹករាងធ្លាក់ថ្លៃបន្តិចដោយក្នុង១ គីឡូក្រាមតម្លៃជាង៣០០០រៀល ប៉ុណ្ណោះ។ លោកបន្តទៀតថា កត្តាដែលធ្វើឱ្យខ្ទឹមស្លឹក នៅរដូវវស្សាថ្លៃជាងរដូវប្រាំងនោះ ដោយសាររដូវទឹកសម្រកប្រជាកសិករនៅទូទាំងប្រទេស សុទ្ធតែអាចដាំដុះខ្ទឹមស្លឹកបានដូចៗគ្នា។

លោកថ្លែងប្រាប់វិទ្យុជាតិកម្ពុជា «បច្ចុប្បន្ននេះផ្ទៃដីសរុបក្នុងការដាំចូល ៦៤ហិកតាហើយសម្រាប់ខ្ញុំផ្ទាល់ក៏ដូចជាសមាជិកផ្ទាល់ខ្ញុំសង្កេតឃើញថាស្លឹកខ្ទឹមនេះងាយនឹងប្រមូលផលហើយការថែទាំក៏មិនតឹងរ៉ឹងប៉ុន្មានទេសូម្បីតែយើងឱ្យមនុស្សស្រីក៏គាត់ធ្វើបានដែរ។អ៊ីចឹងចំណុចពិសេសរបស់ខ្ទឹមនេះគឺទិន្នផលវាល្អហើយដាំរយៈពេលខ្លីទៀតចាប់ពីពេលយើងស្ទូងកូនទៅមានរយៈពេលតែ ៤៥ថ្ងៃប៉ុណ្ណោះហើយបើរឿងទីផ្សារវិញគឺល្អ ចេញរាប់តោនក្នុងមួយថ្ងៃអត់ខ្វះឈ្មួញមកយកទេ»។ លោកបន្តថា សហគមន៍លោក បានបង្កើតឡើងជាង ៣ឆ្នាំប៉ុណ្ណោះ តែដំណើរការក្នុងការដាំបន្លែ មានការរីកចម្រើនខ្លាំង ពិសេសខ្ទឹមស្លឹកលក់ទៅកាន់ទីផ្សារក្រុងសួង ក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងរាជធានីភំ្នពេញក្នុងមួយថ្ងៃមិនក្រោមពី ២ ទៅ៣តោន នោះទេ ក្នុងរដូវវស្សា បើរដូវប្រាំងវិញលក់បានពី៣ ទៅ៤តោនក្នុង១ថ្ងៃ ។

លោកបញ្ជាក់ថា ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងខេត្ត និងការ នាំចេញនោះ មន្ទីរបានជំរុញប្រជាកសិករឱ្យចងក្រងជាសហគមន៍កសិកម្ម បានរហូតដល់ជាង ៦០គ្រួសារ មានដាំបន្លែប្រភេទ ខ្ទឹមស្លឹក ត្រសក់ ននោង ត្រឡាច ប៉េងប៉ោះ ត្រប់ សណ្តែកកួរ និងម្រះ គាំទ្រដោយកម្មវិធីកសិកម្មថ្មី ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ បានផ្ដល់បច្ចេកទេសថ្មីៗ ដល់កសិករ ដូចជា របៀបធ្វើប្រព័ន្ធស្រោចស្រពរបៀបថែទាំ និងការផ្តល់ពូជ ឱ្យទទួលបានទិន្នផលច្រើន៕

ប្រភព៖ វិទ្យុជាតិកម្ពុជា/ ក្រសួងព័ត៌មាន