លោក Chen Lip Keong ថៅកែធំ Naga Corp និងជាមហាសេដ្ឋីម៉ាឡេស៊ី ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
បុគ្គលជោគជ័យ December 11, 2023 Khmernote

លោក Chen Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី និងជាស្ថាបនិក, ម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Naga Corp Ltd បានទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia ដែលដកស្រង់ចេញពីកាសែតចិន Nanyang Siang Pau ដែលជាប្រភពគួរឱ្យទុកចិត្ត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ។

កាសែតចិនខាងលើនេះ បានរាយការណ៍ថា លោក Chen Lip Keong បានស្លាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែមូលហេតុនៃការស្លាប់របស់គាត់ មិនទាន់ត្រូវបានឱ្យដឹងនៅឡើយទេ។ តែទោះជាយ៉ាងណាក្ដី Nanyang Siang Pau ក៏បានរាយការណ៍ផងដែរថា លោក Chen ធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាលកាលពីជាង ១០ឆ្នាំមុន។

បច្ចុប្បន្នសាកសពរបស់ Chen ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកនៅឡើយ ដោយកំពុងរង់ចាំនីតិវិធីមួយចំនួន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា បើផ្អែកលើបញ្ជីអ្នកមានបំផុតទាំង ៥០ របស់ទស្សនាវដ្ដី Forbes Malaysia សម្រាប់ឆ្នាំ២០២៣ លោក Chen គឺជាអ្នកមានបំផុតទី៧ នៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៨ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែឧសភាឆ្នាំនេះ។

Chen បាន​បញ្ចប់​ការ​សិក្សា​ ជា​វេជ្ជបណ្ឌិត​ពី​សាកលវិទ្យាល័យ​ ម៉ាឡាយ៉ា ប៉ុន្តែបានផ្អាកជំនាញរបស់គាត់ ងាកមកធ្វើជំនួញវិញ។ លោក​បាន​បង្កើត​ក្រុមហ៊ុន Naga Corp ក្នុង​ឆ្នាំ១៩៩៥។ NagaWorld ដែលដំណើរការដោយ Naga Corp ទទួលបានអាជ្ញាប័ណ្ណកាស៊ីណូដែលល្អសម្រាប់រយៈពេល ៧០ឆ្នាំ និងរួមបញ្ចូលទាំងសិទ្ធិផ្តាច់មុខរយៈពេល ៤០ឆ្នាំ ក្នុងការដំណើរការកាស៊ីណូ ក្នុងចម្ងាយ ២០០គីឡូម៉ែត្រ នៅក្នុងក្រុងភ្នំពេញ៕

អត្ថបទ៖ លីនី
ប្រភព៖ the Edge Malaysia