កម្ពុជាបន្តទាក់ទាញទេសចរអន្តរជាតិ ខណៈនាវាខ្នាតធំ PIANO LAND នាំភ្ញៀវជិត ១ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
បុគ្គលជោគជ័យ April 13, 2026 Khmernote

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះ កម្ពុជាបានបន្តបញ្ជាក់យ៉ាងច្បាស់ពីសក្តានុពលរបស់ខ្លួនជា «គោលដៅទេសចរណ៍សុវត្ថិភាព និងជាទឹកដីដ៏សែនមនោរម្យ» សម្រាប់ភ្ញៀវទេសចរទូទាំងសកលលោក បន្ទាប់ពីនាវាទេសចរណ៍ខ្នាតយក្សឈ្មោះ PIANO LAND បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយរលូន និងសុវត្ថិភាព។

អនុវត្តតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញចុះពីលើនាវា ដើម្បីមកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តតំបន់ឆ្នែរមួយនេះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ PIANO LAND ដែលមានសញ្ជាតិ BERMUDA មួយនេះ បាននាំយកភ្ញៀវទេសចរសរុបចំនួន ៩៩៦នាក់ (មកពី ១១សញ្ជាតិផ្សេងគ្នា) និងមានក្រុមនាវិកបម្រើការចំនួន ៥០១នាក់ (មកពី ១៣សញ្ជាតិ)។ នាវាលំដាប់អន្តរជាតិនេះ មានទំហំដ៏ធំសម្បើម ដោយមានបណ្ដោយប្រវែង ២៦០.៩៧ម៉ែត្រ ទទឹងប្រវែង ៣២.២០ម៉ែត្រ និងជម្រៅ ៨.២៥ម៉ែត្រ។

ក្នុងឱកាសនៃការទទួលស្វាគមន៍នោះ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត ក៏បានធ្វើការសម្របសម្រួល ចង្អុលបង្ហាញ និងណែនាំយ៉ាងក្បោះក្បាយអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនដល់ភ្ញៀវទេសចរ ដើម្បីឱ្យពួកគេបានស្វែងយល់ ទស្សនាកម្សាន្ត និងទទួលបានបទពិសោធន៍ដ៏ល្អប្រសើរក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

ការចូលចតនៃនាវាទេសចរណ៍ PIANO LAND នេះ គឺជាសញ្ញាណដ៏វិជ្ជមានមួយបន្ថែមទៀត ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងបង្ហាញពីទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ មកលើកត្តាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន