គម្រោងសាងសង់រោងចក្រទឹកស្អាតធំបំផុតនៅកម្ពុជា សម្រេចការសាងសង់បានប្រមាណ ៧២%
បុគ្គលជោគជ័យ May 15, 2026 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ ដែលជារោងចក្រប្រព្រឹត្តកម្មទឹកស្អាតធំជាងគេបំផុតរបស់កម្ពុជា។

ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី៣នេះ រោងចក្រទឹកស្អាតបាត់ខែង នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលនឹងធ្វើឱ្យសមត្ថភាពផលិតសរុបរបស់រោងចក្របាក់ខែងកើនដល់ ៥៨៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

បច្ចុប្បន្ន គម្រោងដំណាក់កាលទី៣នេះសម្រេចការសាងសង់បានប្រមាណ ៧២% និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៧ ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ ស្របតាមកំណើននៃតម្រូវការទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន