ស្ត្រីខ្មែរមួយរូប ដែលអ្នកលេងបណ្តាញសង្គមស្គាល់ឈ្មោះថា ចុងភៅ ណាក់ (Chef Nak) និងក្រុមការងារ នាពេលថ្មីៗនេះបានទទួលជ័យលាភីដ៏ធំមួយ គឺ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» តាមរយៈស្នាដៃសៀវភៅចំណងជើងថា «សោយ» ក្នុងព្រឹត្តិការណ៍ធ្វើម្ហូបដ៏ធំបំផុត ដែលប្រព្រឹត្តនៅលើទឹកដីអារ៉ាប៊ីសាអូឌីត។ នេះអាចនិយាយបានថា ជាមោទកភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាយើង។
ចុងភៅ ណាក់ (Chet Nak) ដែលមានឈ្មោះពិតថា អ្នកនាង រស់ រតនៈ បានបង្ហោះវីដេអូទទួលពានរង្វាន់ អមជាមួយសំណេរដោយក្ដីរំភើបនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា៖ « ខ្មែរធ្វើបានហើយ!!! យើងទទួលបានជ័យលាភី “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក” ដែលនេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង “សោយ” ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា “ពានរង្វាន់អូស្ការ” ក្នុងវិសយពានរង្វាន់ធ្វើម្ហូបអាហារ ។ »
សូមជម្រាបផងដែរថា ក្នុងព្រឹត្តិការណ៍ធ្វើម្ហូបដ៏ធំបំផុត ដែលប្រព្រឹត្តនៅលើទឹកដីអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានប្រទេសចូលរួមចំនួន ២០៥។ ស្នាដៃសៀវភៅចំណងជើងថា «សោយ» បានទទួលនូវកិត្តិយស ដែលត្រូវបានទទួលស្គាល់ថាជាស្នាដៃ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាសក្ខីភាពមួយ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា៕
អត្ថបទ៖ លីនី