ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន
បុគ្គលជោគជ័យ August 8, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភា បានប្ដេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។

ឯកឧត្តមបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបានអរគុណទៅដល់អ្នកដែលបានចូលរួមជូនពរលោកទាំងអស់ និងបានប្ដេជ្ញាថាលោកនឹងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យអស់ពីសមត្ថភាពតាមរយៈការការពារនៅសន្តិភាពនិងស្ថេរភាពដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។

ឯកឧត្តមថា៖ «ខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ»។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ហើយនៅថ្ងៃទី២១ ខែសីហា ខាងមុខលោកនឹងដឹកដៃគណៈរដ្ឋមន្ត្រីលោកដើម្បីទៅសុំការយល់ព្រមពីសភាជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន