ក្នុងឆ្នាំ២០២១ នៅកម្ពុជា ចំនួននៃការធ្វើប្រតិបត្តិការទូទាត់ក្នុងទម្រង់ឌីជីថលមានរហូតដល់ទៅ ៦៩៨,៨លានប្រតិបត្តិការ
ហិរញ្ញវត្ថុ November 14, 2022 Naren

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ ចំនួននៃការធ្វើប្រតិបត្តិការទូទាត់ក្នុងទម្រង់ឌីជីថលមានរហូតដល់ទៅ ៦៩៨,៨លានប្រតិបត្តិការ នេះបើយោងតាម ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានថ្លែងក្នុងសុន្ទរកថាបិទ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសរំលេចបន្ថែមលើចំណុចមួយចំនួន ក្នុងនោះឯកឧត្តមបណ្ឌិត បានលើកឡើងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនៅកម្ពុជា។ «ជាការកត់សម្គាល់ នៅក្នុងវិស័យហិរញ្ញវត្ថុធនាគារ ការប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកបាននិងកំពុងបន្តកើនឡើង តាមរយៈកំណើននៃចំនួនគណនីប្រាក់បញ្ញើ, គណនីកាបូបអេឡិចត្រូនិក (E-Wallet) និងបណ្ណទូទាត់ គួបផ្សំនឹងការបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីធានានូវអន្តរប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យកាន់តែមានភាពទូលំទូលាយ។

ក្នុងនោះផងដែលជាក់ស្តែង ផ្អែកតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា, ក្នុងឆ្នាំ ២០២១ ចំនួននៃការធ្វើប្រតិបត្តិការទូទាត់ក្នុងទម្រង់ឌីជីថលមានរហូតដល់ទៅ ៦៩៨,៨ លាន ប្រតិបត្តិការ ក្នុងរង្វង់ទឹកប្រាក់ ១៩៩,៧៦ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ លទ្ធផលទាំងនេះ បានមកពីការរួមចំណែកយ៉ាងសំខាន់នៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង និង KHQR ដែលជា QR Code ស្តង់ដាសម្រាប់ធ្វើប្រតិបត្តិការទូទាត់រវាងគ្រឹះស្ថានហិរញ្ញវត្ថុ។

ចំណែកវិស័យធានារ៉ាប់រងនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា កំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយមានបុព្វលាភដុលកើនដល់ប្រមាណ ៣០០ លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២១ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ក្រុមហ៊ុន ដែលកំពុងដំណើរការអាជីវកម្មក្នុងទីផ្សារធានារ៉ាប់រង ជាមួយនឹងទ្រព្យសកម្មប្រមាណ ៨៤៥ លាន ដុល្លារសហរដ្ឋអាមេរិក និងមូលនិធិភាគហ៊ុនិកប្រមាណ ៣៧៨ លាន ដុល្លារសហរដ្ឋអាមេរិក។ បន្ថែមពីនេះ វិស័យធានារ៉ាប់រងបានរួមភាគទានក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១១% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រង ១៨.៧៥ ដុល្លារសហរដ្ឋអាមេរិក ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ ២០២១៕