រដ្ឋាភិបាលជប៉ុន អនុម័តគម្រោងគាំទ្រថ្មីសម្រាប់ការសាងសង់ឃ្លាំងកសិកម្មនៅកម្ពុជា
ហិរញ្ញវត្ថុ November 1, 2022 Naren

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានអនុម័តថវិកាគម្រោងថ្មីសម្រាប់ការសាងសង់ឃ្លាំងកសិកម្មនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាគម្រោងថ្មី ដែលស្មើនឹង៤១,៥៦៨.៥៣ដុល្លារអាមេរិក ពីមូលនិធិសមភាគីសម្រាប់ការអនុវត្ត «គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ»។

ស្ថានទូតជប៉ុនបន្តថា គម្រោងនេះនឹងទាក់ទងទៅនឹងការសាងសង់ឃ្លាំងកសិកម្មចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។ ឃ្លាំង​នេះ​នឹងអនុញ្ញាតឱ្យមានការរក្សាទុកពូជស្រូវបានត្រឹមត្រូវ ដែលនឹងធានាបាននូវគុណភាពខ្ពស់ និងពូជដែលផលិតក្នុងស្រុកឱ្យមានសម្រាប់កសិករកម្ពុជា។ ស្ថានទូតជប៉ុន បានមានប្រសាសន៍ថា «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់កសិករ»៕