ផ្សារមូលបត្រកម្ពុជា៖ វិនិយោគិនថ្មី ជាង២ពាន់នាក់ បានស្នើបើកគណនីជួញដូរភាគហ៊ុន នៅកំឡុងពេល៣ថ្ងៃ
ហិរញ្ញវត្ថុ October 26, 2022 Naren

(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសថា វិនិយោគិនថ្មី ជាង២ពាន់នាក់ បានស្នើបើកគណនីជួញដូរភាគហ៊ុន នៅកំឡុងពេល ៣ថ្ងៃ នៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០២២ ដែលស្មើនឹងបរិមាណនៃការបើកគណនីរយៈពេល ៧ខែ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា «ទីផ្សាររបស់យើងទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងមុនដោយមានសាធារណជនជាច្រើនបានមកសួរព័ត៌មាននៅតាមស្តង់នានានិងបើកគណនីជួញដូរភ្លាមៗ នៅក្នុងពិព័រណ៍របស់យើង ដោយខុសពីលើកមុនៗដែលយើងត្រូវចេញទៅរកពួកគាត់។ ជាលទ្ធផល យើងទទួលបានការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរជាង ២០០០គណនីថ្មី។បើធៀបនឹងចំនួនបើកគណនីជួញដូរប្រចាំខែ ដែលមានប្រមាណជាង៣០០គណនីក្នុងមួយខែ ដូចនេះក្នុងរយៈពេល៣ថ្ងៃនេះយើងបើកបានចំនួនប្រមាណស្មើនឹង៧ខែ។
ឯកឧត្តមបន្តថា ថ្លៃភាគហ៊ុនភាគច្រើននៅទីផ្សារយើងបច្ចុប្បន្នស្ទើរទាំងអស់កំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាបដូចនេះវិនិយោគិនរបស់យើងអាចទិញបានភាគហ៊ុន ក្រុមហ៊ុនល្អៗក្នុងថ្លៃពិសេសដែលនេះក៏មកពីកត្តាទីផ្សារ រួមផ្សុំជាមួយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ការមានសង្គ្រាម និងវិបត្តិអតិផរណាជាដើម។ នេះជាឱកាសដ៏ល្អសម្រាប់វិនិយោគិនទាំងអស់គ្នា ព្រោះថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃឡើងវិញក្នុងពេលខាងមុខ»៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានលម្អិត៖