ដំណឹងល្អ! គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
ហិរញ្ញវត្ថុ October 19, 2022 Naren

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ស្ដីពីការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

យោងតាមការប្រកាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ការផ្តល់ជូននេះនឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា៕ ខាងក្រោមនេះជាសេចក្តីប្រកាសរួមលម្អិត៖