វិស័យអាកាសចរណ៍ បង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំនួន១,៧លានការងារ
សេដ្ឋកិច្ច September 19, 2022 Naren

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា វិស័យអាកាសចរណ៍នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំណួន ១,៧លានការងារ ស្មើនឹងជិត២០% នៃចំនួនប្រជាជនធ្វើការសរុបរបស់ប្រទេសកម្ពុជា និងបានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោលជិត១៧% នៃ GDP ព្រមទាំងបានធ្វើឱ្យមានការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ប្រទេស និងប្រទេស, វប្បធម៌, នវានុវត្តន៍, ការផ្តល់នូវមាត់ច្រកទៅកាន់ទីផ្សារ, ការផ្សារភ្ជាប់ឬការធ្វើឱ្យកាន់តែខិតជិតឡើងរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍។

នេះបើយោងតាមលទ្ធផលនៃសន្និសីទសារព័ត៌មាន ស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ រដ្ឋាលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានបង្ហាញនូវទិសដៅការងារបន្ត មានវិធានការសំខាន់ៗ ក្នុងការទប់ស្កាត់ និងស្តារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ដូចជាការជំរុញ ការពង្រឹង និងពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន, ការពង្រឹងសុវត្ថិភាពតាមបទដ្ឋានគាំពារជំងឺកូវីដ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិក្នុងភាពជាដៃគូបន្ថែមទៀតគឺធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញការវិនិយោកបន្ថែម លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ស្របទៅតាមគោលនយោបាយ ពិពិធកម្មសេដ្ឋកិច្ច និងគោលនយោបាយចំហរជើងមេឃរបស់រាជរដ្ឋាភិបាល៕