ស្រីលង្កាគ្រោងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិ ក្រោយកម្រិតអតិផរណាកើនឡើងរហូតដល់ ៦០%
ហិរញ្ញវត្ថុ July 5, 2022 Khmernote

ស្រីលង្កា៖ ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិរបស់ខ្លួនហើយ ក្រោយកម្រិតអតិផរណានៅក្នុងប្រទេសមួយនេះបានកើនឡើងរហូតដល់ ៦០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Times នៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះ។​ នៅចំពោះមុខវិបត្តិអថិផរណាដ៏ធ្ងន់ធ្ងរនេះពលរដ្ឋស្រីលង្កាចំនួន ២២លាននាក់ ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញទំនិញនាំចូលសំខាន់ៗដូចជា ថ្នាំពេទ្យ ចំណីអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងប្រេងឥន្ទនៈបាននោះទេ ខណៈទុនបម្រុងជាប្រាក់ដុល្លាររបស់រដ្ឋាភិបាលស្រីលង្កាក៏ត្រូវបានយកទៅប្រើប្រាស់ដើម្បីទិញប្រេងឥន្ទនៈពីបរទេសអស់ហើយដែរ។

ប្រភពខាងលើបានបន្តថា គិតក្នុងខែមិថុនានេះតម្លៃទំនិញនៅក្នុងប្រទេសស្រីលង្កាបានកើនឡើងក្នុងកម្រិត ៥៤,៦% ហើយបើប្រៀបធៀបទៅនឹងខែកន្លងមក ពោលគឺនៅក្នុងរយៈពេលមុនកើតមានវិបត្តិអតិផរណាតម្លៃនៃទំនិញបានកើនឡើងរហូតដល់ ១២៨%ឯណោះ។ ជាការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននេះ លោកនាយករដ្ឋមន្ត្រីស្រីលង្កានៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះបានប្រាប់ទៅកាន់សភាឲ្យត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុឡើងវិញ និងគ្រោងនាំយកផែនការរៀបចំរចនាសម្ព័ន្ធបំណុលទៅបង្ហាញជូនស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅចុងខែសីហានេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strait Times