យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថាក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។
សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺ កូវីដ-១៩ យ៉ាងតឹងរ៉ឹងនៅក្នុង និងជុំវិញទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនខែ។
យ៉ាងណាមិញ ក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលជាក្រុមហ៊ុនដំឡើង iPad ឈានមុខគេមួយបានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសវៀតណាម ហើយឆាប់ៗនេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗមួយចំនួននៅទីនោះ។ ជាមួយគ្នានេះ iPad នឹងក្លាយជាផលិតផលសំខាន់ទីពីររបស់ Apple ដែលផលិតនៅប្រទេសវៀតណាមបន្ទាប់ពីស៊េរីកាស AirPods។
អត្ថបទ៖ លីនី
ប្រភព៖ vnexpress