ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានផ្តល់កម្ចី៥០០ លានដុល្លារដល់អាជីវកម្មជាង ៣ ០០០
អាជីវកម្ម July 4, 2024 Khmernote

យោងតាមរបាយការណ៍ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលទើបចេញផ្សាយក្នុងសប្តាហ៍នេះបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចូលរួមផ្តល់ហិរញ្ញប្បទានដល់​អាជីវកម្មគោលដៅចំនួន ៣ ៤០០ សហគ្រាសក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក។

ការផ្តល់កម្ចីគឺធ្វើឡើងតាមរយៈយន្តការចំនួនពីរគឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការ​អនុវត្ត​ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជនមានចំនួនប្រមាណ ៨៦លានដុល្លារអាម៉េរិក។

ប្រភពដដែលបន្តថា គិតត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទានតាមរយៈ យន្តការឥណទានដោយផ្ទាល់ទៅដល់​អាជីវកម្មគោលដៅ ចំនួន ៣៦៥ សហគ្រាស ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥ លានដុល្លារកើនឡើងប្រមាណ ៦០​ភាគរយ​ធៀបនឹងឆ្នាំ២០២២ ខណៈការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបាន​ផ្តល់​ការ​​គាំទ្រដល់សហគ្រាសសរុបចំនួន ៣ ០៩៥ ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៩៤ លានដុល្លារ។

របាយការណ៍ដដែលបន្ថែមថា ឆ្លងកាត់ប្រតិបត្តិការប៉ុន្មានឆ្នាំចុងក្រោយនេះសង្កេតឃើញថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម នៅមានច្រើន ស្មុគស្មាញ និងលើសពីតម្រូវការហិរញ្ញប្បទានដែលត្រូវការរួមចំណែកពីតួអង្គពាក់ព័ន្ធ​ទាំងស្ថាប័ន​សាធារណៈ, ដៃគូអភិវឌ្ឍន៍ ជាពិសេស វិស័យឯកជនផ្ទាល់ រួមគ្នាដោះស្រាយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយភាព​ម្ចាស់ការ។ ក្នុងន័យនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្តេជ្ញាបន្តខិតខំផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងសេវាឥណទានឱ្យកាន់តែមានប្រសិទ្ធភាព ពោលគឺផ្តល់ភាពទន់ភ្លន់ឱ្យបានច្រើនលើលក្ខខណ្ឌទទួល​បាន​ឥណទាន, កាត់បន្ថយរយៈពេល បញ្ចេញឥណទានជូនអតិថិជន និងជាពិសេស ផ្តល់ឥណទានឱ្យចំគោលដៅស្របតាម​គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានគូសរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបញ្ជាក់ថា ការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការ​ហិរញ្ញប្ប​ទានជួយគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន