អាជីវករលក់ផ្លែឈើក្នុងខេត្តកំពត មមាញឹកខ្លាំង ក្រោយពីមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន
អាជីវកម្ម July 1, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមអាជីវករលក់ដូរផ្លែឈើដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង ដូងក្រអូប ដែលជាផលិតផលក្នុងខេត្តដាំដោយកសិករកនៅតាមភូមិ មានចិត្តសប្បាយរីករាយក្នុងការលក់ដូរនៅនឹងកន្លែង ដោយមិនបាច់ចំណាយលើការនាំចេញទៅលក់នៅតំបន់ផ្សេងដូចមុន។ ក្រុមអាជីវករបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូជានិច្ចនូវរាល់ការប្រកបអាជីវកម្ម និងការលក់ដូររបស់អាជីវករក្នុងខេត្ត ដែលពីមុនផលិផលផ្លែឈើខ្លះពុំសូវមានទីផ្សា លក់មិនដាច់ តែឥឡូវលក់រហូតសឹងតែរកមកលក់បន្តមិនទាន់។

ក្រុមអាជីវករលក់ ទុរេន មង្ឃុត សាវម៉ាវ នៅក្នុងខេត្តកំពត បានលើកឡើងថា ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កើតឱ្យមានតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តស្អាតៗ បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកសម្រាកកម្សាន្តកាន់តែច្រើន ហើយបានធ្វើឱ្យការលក់ដូររបស់ពួកគាត់ដាច់ជាងមុន។ ក្រុមអាជីវករបានបន្តថា ពីមុនក្នុងមួយថ្ងៃកន្លែងលក់ដូរផ្លែឈើបោះដុំធំៗ ក្នុងមួយថ្ងៃលក់បានប្រមាណតែ ១តោន ទៅ ២តោនតែប៉ុណ្ណោះទាំងលក់រាយ និងលក់ដុំសម្រាប់ផ្លែទុរេនកំពត តែក្រោយខេត្តកំពតមានសមិទ្ធិផលទេសចរណ៍ច្រើនកន្លែង ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ពួកគាត់អាចលក់បានក្នុងមួយថ្ងៃពី៣ ទៅ៤តោន។

ចំណែកឯអាជីវករដែលលក់ដូរផ្លែទុរេននៅតំបន់ត្រីសេះសមុទ្របាញ់ទឹកក៏បានបញ្ជាក់ដែរថា កាលពីមុនក្នុងមួយថ្ងៃលក់បានពី១០ ទៅ ២០គីឡូប៉ុណ្ណោះ តែសព្វថ្ងៃលក់បានចន្លោះពី៤០ ទៅ ៥០គីឡូសម្រាប់ថ្ងៃចុងសប្តាហ៍ ហើយរាល់ការលក់ដូរគឺពួកគាត់បង្ហាញពីភាពស្មោះត្រង់អំពីប្រភពនៃផ្លែឈើ ហើយរក្សាតម្លៃនៅសមរម្យ ទៅតាមការណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតម្រូវឱ្យអាជីវករទាំងអស់ប្រើប្រាស់ភាពស្មោះត្រង់ជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត។

មិនខុសគ្នាប៉ុន្មានទេសម្រាប់ការលក់ដូរផ្លែឈើ ក្រុមអាជីវករលក់ផ្លែដូងក្រអូប នៅតាមបណ្តោយផ្លូវជាតិលេខ៣ កំពតភ្នំពេញ ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះការលក់ដូររបស់ពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលកាលពីមុនខេត្តកំពតមិនទាន់មានកន្លែងកម្សាន្ត និងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ក្នុងមួយថ្ងៃពួកគាត់លក់ដូងបានប្រមាណតែ៥០ ទៅ ៦០គ្រាប់ប៉ុណ្ណោះ តែឥឡូវខេត្តមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ពួកគាត់អាចលក់បានចន្លោះពី ១០០គ្រប់ ទៅ ២០០គ្រប់សម្រាប់ថ្ងៃចុងសប្តាហ៍។ ក្រុមអាជីវករបានបន្តថា ផ្លែដូងក្រអូបដែលដាំដោយកសិករផ្ទាល់នៅចំការតាមភូមិ ពីមុនពុំសូវមានអ្នកទិញទុករហូតទុំជ្រុះពេញដី តែមកដល់បច្ចុប្បន្នពួកគាត់សប្បាយចិត្តឡើងវិញ ដោយផ្លែដូងមានតម្រូវការច្រើន ហើយពេលខ្លះស្ទើតែរកផ្លែដូងលក់ឱ្យភ្ញៀវមិនគ្រាន់។

ខេត្តកំពតក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើ សេវាស្នាក់នៅត្រូវបានសាងសង់បន្ថែមជាបន្តបន្ទាប់ បឹងហ្គាឡូ រីស្សត រីកដុះដាល់ដូចផ្សិតក្នុងក្រុង និងតាមតំបន់ផ្សេងៗក្នុងខេត្តដែលមានសក្តានុពលលើផ្នែកទេសចរណ៍ ពិសេសបានធ្វើឱ្យកសិផល ផលនេសាទសមុទ្រ របស់ប្រជាកសិករ និងប្រជានេសាទ បានលក់ដូរនៅនឹងកន្លែង(ការនាំចេញនៅនឹងកន្លែង) ដែលជាកត្តាមួយធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបញ្ជាក់ជាសាធារណៈថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ព្រមទាំងទីតាំងផ្សេងៗដែលបំរើឱ្យវិស័យទេសចរណ៍ មានគោលដៅធំតែមួយគត់ គឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់មួយនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន